ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បុកគ្នារងការខូចខាតយ៉ាងធ្ងន់ធ្ងរនិង បណ្តាលឱ្យមនុស្សចំនួន៤នាក់រងរបួសស្រាល កាលពីថ្ងៃទី០៨ ខែធ្នូម្សិលមិញនេះ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨១-៣៨២ ផ្លូវជាតិលេខ៥ ភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់នគរបាលស្រុកអូរជ្រៅបានបញ្ជាក់ថា៖ មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2AJ-2893 បើកបរដោយឈ្មោះ រ៉ែន ណារិន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានអ្នករួមដំណើរ ០២នាក់ (ស្រី) បានបើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ ស្របពេលនោះក៏មានរថយន្ត ០១គ្រឿងទៀត ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-2990 បើកបរដោយឈ្មោះ អៀត សំអូន ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីកើតទៅលិចច្រាសទិសគ្នា បានមកបុកចំពីមុខរថយន្តម៉ាក HIGHLANDER បណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងតែម្តង ។
នគរបាលបានបញ្ជាក់ថា មូលហេតុបង្កឱ្យមានគ្រោះថ្នាក់គឺមកពីអ្នកបើកបររថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-2990 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយបានរេចង្កូតចូលទៅបុករថយន្តម៉ាក HIGHLANDER ដែលបើកបរខាងស្តាំដៃរបស់គេ ។
ករណីនេះ រថយន្តខូចខាតធ្ងន់ទាំង០២គ្រឿង និងមនុស្សចំនួន៤នាក់រងរបួសស្រាល។ នគរបាលចរាចរណ៍បានយករថយន្តទាំង០២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ក្រោយពីធ្វើការវាស់វែងរួច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ ដោយ៖អរុណរះ