ក្រូអាតត្រូវធ្វើការធ្ងន់នៅរាត្រីនេះ ខណៈប្រេស៊ីលចង់បង្កើតកំណត់ត្រាឈ្នះនៅ World Cup 2022 នៅកាតា

ចែករំលែក៖

ក្រុមជម្រើសជាតិក្រូអាតនឹងត្រូវធ្វើការធ្ងន់នៅរាត្រីនេះ ដោយត្រូវប៉ះក្រុមជម្រើសជាតិប្រេស៊ីលក្នុងវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ការឡើងមកដល់វគ្គ៨ក្រុមនេះមិនមែនជារឿងងាយស្រួលទេសម្រាប់ក្រុមទាំង៨ដោយត្រូវការឈ្នះក្នុងវគ្គចែកពូលផង និងត្រូវឈ្នះដាច់ខាតក្នុងវគ្គ១៦ក្រុមផង។

 ការប្រកួតនៅវេលាម៉ោង១០យប់ថ្ងៃទី៩ ខែធ្នូនេះគឺក្រូអាតត្រូវប៉ះក្រុមគីឡូធ្ងន់មែនទែនមកពីតំបន់អាមេរិកខាងត្បូងប្រេស៊ីល ដែលការសង្ឃឹមឈ្នះគឺអាចនឹងមានតិច។ សម្រាប់ក្រុមប្រេស៊ីលវិញយោងតាមប្រវត្តិប្រកួតកន្លងមកគឺចាញ់តែ១ប្រកួតប៉ុណ្ណោះតាំងពីវគ្គចែកពួលរហូតដល់ពេលនេះ ខណៈដែលក្រូអាតមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេក្នុង World Cup ឆ្នាំនេះ។

 ក្រូអាតបានបង្ហាញខ្លួននៅ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៩៨ និងធ្លាប់ទទួលបានជើងឯករង (លេខ២) ម្តងកាលពីឆ្នាំ២០១៨ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងកាលពី១៩៩៨។ ក្រៅពី World Cup ក្រូអាតធ្លាប់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូបាន២ដង (១៩៩៦, ២០០៨) និងមានឈ្មោះបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ Nations League នៅឆ្នាំ២០២៣ខាងមុខ

 ៥ប្រកួតចុងក្រោយរបស់ក្រុមក្រូអាតគឺឈ្នះ៣ និងស្មើ២។ ៣ប្រកួតចុងក្រោយរបស់ក្រុមនេះគឺឈ្នះកាណា ៤ទល់១ ក្នុងវគ្គជម្រុះតាមពូល, ស្មើជាមួយបែលហ្ស៊ិក០ទល់០ក្នុងវគ្គជម្រុះតាមពូល និងឈ្នះជប៉ុន ៣ទល់១ ក្នុងបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ១ទល់១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ចំណែកក្រុមជម្រើសជាតិប្រេស៊ីលវិញបានបង្ហាញខ្លួននៅ World Cup ចំនួន២២ដងចាប់តាំងពីឆ្នាំ១៩៣០ ដោយធ្លាប់គ្រងជើងឯក៥សម័យ ((1958, 1962, 1970, 1994, 2002), ធ្លាប់បានជើងឯករង (លេខ២) ចំនួន២ដង (១៩៥០, ១៩៩៨), ធ្លាប់បានចំណាត់ថ្នាក់លេខ៣ចំនួន២ដង (១៩៣៨, ១៩៧៨), ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ចំនួន២ដង (១៩៧៤, ២០១៤) អាចនិយាយបានថា ជាក្រុមទទួលបានជោគជ័យច្រើនជាងគេនៅពិភពលោក។ ក្រៅពី World Cup ប្រេស៊ីលក៏ធ្លាប់ឈ្នះជើងឯក Copa America ៩ដង (1919, 1922, 1949, 1989, 1997, 1999, 2004, 2007, 2019) និងធ្លាប់ឈ្នះពានរង្វាន់ FIFA Confederation Cup ចំនួន៤ដង (1997, 2005, 2009, 2013)

 ៥ប្រកួតចុងក្រោយសម្រាប់ជម្រើសជាតិប្រេស៊ីលគឺឈ្នះ៤ និងចាញ់១។ ៣ប្រកួតចុងក្រោយរបស់ក្រុមនេះគឺឈ្នះស្វ៊ីស១ទល់០ ក្នុងវគ្គជម្រុះតាមពូល, ចាញ់កាមេរូន១ទល់០ក្នុងវគ្គជម្រុះតាមពូល និងឈ្នះកូរ៉េខាងត្បូង៤ទល់១ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

 សម្រាប់ប្រវត្តិជួបគ្នារវាងក្រូអាតនឹងប្រេស៊ីលក្នុង៤ប្រកួតចុងក្រោយគឺប្រេស៊ីលឈ្នះ៣ដង (ឈ្នះ២ទល់០ ក្នុងផ្ទះ, ឈ្នះ៣ទល់១ ក្នុងផ្ទះ, ឈ្នះ១ទល់០ក្នុងផ្ទះ) និងស្មើគ្នា១ប្រកួត (ស្មើ១ទល់១ក្នុងទឹកដីក្រូអាត) សម្រាប់ការប្រកួតយប់នេះគេមើលឃើញថា ប្រេស៊ីលអាចមានប្រៀបជាងគូប្រកួតដោយផ្អែកលើប្រវត្តិជួបគ្នា និងធនធានកីឡាកររវាងក្រុមទាំង២ (រូបភាព soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print