ភ្នំពេញ : លោក ធឹម សំអាន អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ គួរសិក្សាឡើងវិញពីការដឹកនាំរបស់ខ្លួន ហេតុអីក៏ឈានដល់មន្ត្រី ដាច់ចិត្ត បង្ហោះ facebook ស្វែងរកយុត្តិធម៌ ។ នេះជាកម្មវត្ថុមួយ ដែលលោកត្រូវបកស្រាយប្រកបដោយតម្លាភាព ដល់មន្ត្រី ខណៈជាមេកើយ ជាថ្នាក់ដឹកនាំអង្គភាព មានតែផ្សាភ្ជាប់ពី ការលើកទឹកចិត្តដល់មន្ត្រី អោយមានការ សហការសាមគ្គីផ្ទៃក្នុង បុគ្គលិក មន្ត្រី ថ្នាក់ក្រោមចាត់ទុកដូចជាកូន ជម្រុញអោយខិតខំប្រឹងប្រែង បំពេញការងារ តាមតួនាទី ភារកិច្ច បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ អោយបានល្អ នោះទើប ជាលក្ខណៈសម្បត្តិជាមេ ប្រកបដោយគុណធម៌។
ផ្ទុយទៅវិញ ! ទើបតែមកកាន់ជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅប្រមាណ ជា៣ខែប៉ុណ្ណោះ នាំយកនូវភាពក្តៅក្រហាយ បញ្ហាបក្សពួកនិយម មើលមន្ត្រី ដែលមិនមែនជា ដៃជើងរបស់ខ្លួនដូចជាសត្រូវទៅហើយ ឯណាទៅ គុណធម៌ ជាមេ ជាឪពុក ជាអាណាព្យាបាល ដឹកនាំអង្គភាព ?
មន្ត្រីបានរអ៊ូរទាំតៗគ្នាថា ៖ ក្នុងការឡើងមកកាន់តំណែងជាអភិបាលនៃគណអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកធឹម សំអាន បានរយៈពេលប្រមាណជា៣ខែមកនេះ គឺមានមន្ត្រីក្នុងតួនាទី និងមន្ត្រីជាប់កិច្ចសន្យាជាច្រើននាក់ បានបង្ខំចិត្តផ្លាស់ប្តូរចេញទៅតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ជៀសវាង រងសម្ពាធពីមេកើយ ។ ចំណែក ឯមន្ត្រីជាប់កិច្ចសន្យាខ្លះត្រូវបានគេលុបឈ្មោះចោលតែម្តង តើពួកគាត់ ឈឺចុកចាប់ដល់កម្រិតណា , ចំណុចនេះ លោក ធឹម សំអាន មិនធ្លាប់សម្រក់ទឹកភ្នែក លោកក៏មិនដឹងអំពីទុក្ខរបស់អ្នកដទៃមានទំហំប៉ុណ្ណាដែរ ?
សូមបញ្ជាក់ថា, អ្នកខ្លះធ្វើការមកប្រមាណជិត១០ឆ្នាំមកហើយ ទ្រាំលេងបានក៏បង្ខំចិត្តឈប់ទៅ តែអ្នកខ្លះទៀត យល់ឃើញថា, អំពីកៀបសង្កត់ មិនមែនជាវប្បធម៌ត្រូវបានយកមកប្រើ នាសម័យតេជោឡើយ ក៏បានបង្ហោះនៅលើបណ្តាញសង្គមfacebook ស្វែងរកយុត្តិធម៌ទៀតផង។
ការបង្ហោះតាម facebook នេះ លោក ធឹម សំអាន អាចដឹងខ្លួនឯងហើយ( ស្មើនឹងបែកពាងប្រហុក ) ! សូមមេត្តា កុំរកវិធីថាមន្ត្រី នោះអាក្រក់ ខណៈគាត់ចង់បានភាពយុត្តិធម៌តែប៉ុណ្ណោះ។
មន្ត្រីបានខ្សឹមខ្សៀវគ្នា អំពីការឡើងមកកាត់ដំណែង និងការគ្រប់គ្រង់របស់ លោក ធឹម សំអាន ជាអភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅថ្មី បានយកសាលាខណ្ឌធ្វើជាផ្ទះរបស់ខ្លួន និយមបក្សពួក គម្រាមដកមន្ត្រី បើទោះជាមន្ត្រីនោះជាមន្ត្រីជាប់កិច្ចសន្យា ឬមន្ត្រីក្របខណ្ឌដែលបម្រើការមកយូរឆ្នាំហើយក៏ដោយ។
មន្ត្រីខ្លះនិយាយថា គួរអោយអាណិតមន្ត្រីជាប់កិច្ចសន្យាម្នាក់ ត្រូវបានគេដកឈ្មោះចេញ ដែលគ្នាធ្លាប់បំរើការងាររដ្ឋបាលខណ្ឌព្រែកព្នៅរយៈពេល៨ឆ្នាំមកហើយនោះ ក៏ព្រោះតែគ្នា ជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលលោកអភិបាលខណ្ឌចាស់ ដែលលោកបានអនុញ្ញាតអោយគ្នាសម្រាកព្យាបាលជំងឺនៅផ្ទះ ដល់ពេលគ្នាបានជាសះស្បើយហើយ រយៈពេលប្រមាណជា២ខែ បានចូលបំពេញការងារវិញស្រាប់តែមិនមានឈ្មោះនៅក្នុងរដ្ឋបាលខណ្ឌព្រែកព្នៅបច្ចុប្បន្ននេះឡើយ។ តើនេះជាការត្រឹមត្រូវ យុត្តិធម៌ទេ សម្រាប់មន្ត្រីក្រោមឱវាទ !
បច្ចប្បន្នជំនួយការ លោក ធឹម សំអាន ប្រមាណជា១០នាក់ និងមន្ត្រីដែល យកមកជាមួយលោកពីខណ្ឌបឹងកេងកងហាក់មានអំណាចខ្លាំង ដើរពើងទ្រូង ក្រុមបូសក្លៀក ជំនាញខាងរកប្រយោជន៍ តាមរយៈលោក ធឹម សំធាន ប្រតិភូកម្មអំណាចអោយ ដូច្នេះគង់តែបន្តបែកពាងប្រហុក បន្ថែម ខណៈសម័យនេះ មន្ត្រីត្រូវការមេកើយ មានសមត្ថភាព ព្រហ្មវិហារធម៌ គុណធម៌ លើកតម្កល់ផលប្រយោជន៍រួមអង្ភភាពជាធំ មិនមែនសម្រាប់តែបុគ្គល បក្សពួកនោះឡើយ។
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, ជុំវិញបញ្ហាលើកឡើងខាងលើនេះ អ្នកកាសែតអាចដឹង និងយល់ឃើញអំពីការដឹកនាំរបស់លោក ដោយរបៀបម៉េច ! តាំងពីមុនដល់បច្ចុប្បន្ន ! និយាយរួមខ្ញុំចង់ឲ្យអ្នកសារព័ត៌មាន បានមកជួបផ្ទាល់ដល់កន្លែងធ្វើការ បានជួបទាំងមន្ត្រី បុគ្គលិកការងារ និងកងកម្លាំង ប្រាកដជាបានដឹងព័ត៌មានច្បាស់លាស់ ហើយបានជួយចុះផ្សាយ នោះកាន់ជាការល្អ ព្រោះការងាររបស់ខ្ញុំ ពីមុនយ៉ាងម៉េច គឺនៅតែធ្វើការងាររបៀបនឹងដដែល៕
ដោយ : សិលា