ភ្នំពេញ÷ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្រេចលុបចោលបំណងទៅធ្វើទស្សនកិច្ចលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកជុំ សុន្ទរី បានឲ្យដឹងនៅថ្ងៃទី៩ ខែធ្នូនេះថាការលុបចោលដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប។
«ដោយសារតែមានឧបសគ្គពេលវេលា ជាពិសេសកិច្ច ប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខ។ លោកមិនអាចសម្រេចតាមផែនការ ដែលគ្រោងទុករបស់គាត់ឡើយ»។
សូមរម្លឹកថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ ចំណែកឯទស្សនកិច្ចលើកទី១ បានធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៕