យោងតាមទិន្នន័យដែលប្រមូលបានពីការិយាល័យស្ថិតិជាតិផ្សេងៗនៃសហភាពអឺរ៉ុប (EU) ប្រទេសជាសមាជិកសហភាពអឺរ៉ុបជាច្រើនបានបង្កើនពាណិជ្ជកម្មរបស់ពួកគេជាមួយរុស្ស៊ីក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២២ ដែលក្នុងនោះពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយប៊ុលហ្គារី និងក្រិកត្រូវបានគេរាយការណ៍ថានឹងកើនឡើង ដល់ទៅ ២៤០% និង ២៣០% ខណៈដែលពាណិជ្ជកម្មជាមួយស្លូវេនីបានកើនឡើងទ្វេដងនៅចន្លោះពីខែមករាដល់ខែសីហាឆ្នាំនេះ។
លើសពីនេះ អូទ្រីស និងសាធារណរដ្ឋឆេកបានបង្កើនពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ ៨០% ហើយពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយហុងគ្រី និងអុីតាលីបានកើនឡើង៧០%។ ទន្ទឹមនឹងនេះ ពាណិជ្ជកម្មរវាងទីក្រុងមូស្គូជាមួយបែលហ្សិក និងស៊ីបក៏កើនឡើង ៦០% ផងដែរ។ សរុបមក សមាជិកចំនួន២០ក្នុងចំណោមសមាជិក ២៧ ប្រទេសរបស់ប្លុកនេះ បានឃើញការកើនឡើងប្រចាំឆ្នាំ ៣៤% នៅក្នុងពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៊ី។ បើនិយាយពីរូបិយប័ណ្ណវិញ ពាណិជ្ជកម្មបានកើនឡើងដល់ ១៧៧,៣ ពាន់លានអឺរ៉ូ (186.9 ពាន់លានដុល្លារ) ។
ផ្ទុយទៅវិញ ពាណិជ្ជកម្មទ្វេភាគីរបស់រុស្ស៊ីជាមួយប្រទេសម៉ាល់តាបានធ្លាក់ចុះយ៉ាងខ្លាំង 80% ខណៈដែលទាំងប្រទេសដាណឺម៉ាក និងស៊ុយអែតបានកាត់បន្ថយពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ីចំនួន ៤៩% ។
ក្នុងរយៈពេលពីខែមករា ឆ្នាំ 2022 ដល់ខែសីហា ឆ្នាំ2022 ទំហំពាណិជ្ជកម្មរុស្ស៊ី-សហភាពអឺរ៉ុបបានកើនឡើង 28% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយមានចំនួន 191.5 ពាន់លានអឺរ៉ូ (ប្រហែល 201ពាន់លានដុល្លារ)។ ក្នុងនោះការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសរុស្ស៊ីមានចំនួនសរុប ៣៦,២ ពាន់លានអឺរ៉ូ (៣៨,១ ពាន់លានដុល្លារ) ខណៈការនាំចូលពីប្រទេសរុស្ស៊ីមានចំនួន ១៥៥,៣ ពាន់លានអឺរ៉ូ (១៦៣,៧ ពាន់លានដុល្លារ)។
ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះមានចំនួន 119.1 ពាន់លានអឺរ៉ូ (125.5 ពាន់លានដុល្លារ) ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2008 មក៕ ដោយធីរីណា
រូបថត : VNF