ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមដេញវ៉ៃ និងកាប់បុរសពីរនាក់ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណៈនោះក៏មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែងកេីតហេតុចេញមកដកកាំភ្លើងបាញ់ឡើងលើកចំនួនមួយគ្រាប់ដើម្បីបំបែកហ្វូងក្មេងស្ទាវ តែក្មេងស្ទាវក៏ស្ទុះចូល មកធ្វើឲ្យបុរសដែលមានកាំភ្លើងបាញ់ បន្ថែមជាច្រើនគ្រាប់តម្រង់ក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួន៤នាក់ រួចឡើងជិះរថយន្តព្រូស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខហាងមួយកន្លែង ម្ដុំច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសម្ដីជនរងគ្រោះបានប្រាប់ថាដំបូងឡើយពួកគាត់ ពីរនាក់មានទំនាស់ពាក្សសម្ដីជាមួយនឹងក្មេងស្ទាវ មួយក្រុមជិះម៉ូតូចំនួន៣គ្រឿងមានគ្នាជាច្រើនអ្នកបានជិះដេញគ្នាតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូពេលនោះក្មេងស្ទាវក៏ ចុះពីម៉ូតូហើយក៏នាំគ្នាយកដុំថ្មគប់នឹងយកតាំងតោដេញកាប់ជនរងគ្រោះ ប្រដេញគ្នាប្រសេក ប្រសាច ពេញមុខហាងបាយ។
ជនរងគ្រោះបានបន្តថា ភ្លាមៗនោះក៏មានបុរសម្នាក់កំពុងតែហូបបាយនៅទីនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ដើម្បីបំបែកក្រុមក្មេងស្ទាវ តែដោយសារតែក្មេងស្ទាវទាំងនោះមិនខ្លាចបានដើរចូល ទៅរកបុរសដែលមានកាំភ្លើងបម្រុងនឹងកាប់តែត្រូវបុរសដែលមានកាំភ្លើងនោះបាញ់តម្រង់ទៅក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួន ៤នាក់ ភ្លាមៗបុរសដែលបាញ់បានឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួន បាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានមកដល់កន្លែងកើតហេតុ ប្រមូលយកសំបកគ្រាប់និងស្រោមកាំភ្លើងរ ព្រមទាំងយកបក្ខពួកក្មេងស្ទាវម្នាក់យកទៅសួរនាំ ។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ ដោយ ៖ ភារ៉ា ដង្កោ