ខេត្តស្វាយរៀង ៖ បងប្អូន
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបុសក្បាស ឃុំមុខដា និងភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក មានចិត្តត្រេកអសាទរសប្បាយរីករាយ និងបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុករមាសហែក និងអាជ្ញាធរមូលដ្ឋានឃុំមុខដា ដែលបានបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងប្រវែង៥៨២ម៉ែត្រ ងាយស្រួលធ្វើដំណើរឆ្លងកាត់និងដឹកកសិកផលផ្សេងៗ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
លោក ស៊ូ ម៉ុល អភិបាលស្រុក និងលោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង សសៃដែក ដែលមានប្រវែង៥៨២ម៉ែត្រស្ថិតក្នុងភូមិបុសកប្បាសនិងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងបើកវេទិការសាធារណ:ចំនួន២ភូមិមាន ភូមិបុសក្បា សនិង ភូមិថ្នល់គ្រួស ស្ថិតនៅក្នុងឃុំមុខដា ស្រុករមាសហែក ដោយមានអ្នកចូលរួមសរុបចំនួន១២៦នាក់។
លោក ស៊ូ ម៉ុល អភិបាលស្រុក បានថ្លែងថាក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើអោយខេត្តស្វាយរៀងក៏ដូចជាក្នុងស្រុករមាសហែកមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឪកាសនោះ លោក ស៊ូ ម៉ុល បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានកសាងសមិទ្ធិផលនានាជាច្រើនទៀតនៅទូទាំងស្រុករមាសហែកផងដែរ។
លោកបានបន្ថែមថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលសម្ដេច តែងតែគិតគូរដល់សុខទុក្ខការលំបាក របស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលដែល បងប្អូនទាំងអស់ កំពុងជួបការលំបាកក្នុងសេដ្ឋកិច្ចគ្រួសារ ដោយសារវិបត្តិកូវីដ-១៩ សម្តេច តែងបានឧបត្ថម្ភគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ននេះ ដោយសារយុទ្ធសាស្ត្រស្រោចវ៉ាក់សាំង របស់សម្តេចតេជោ ទទួលបានជោគជ័យទើបធ្វើឱ្យយើងអាចបើកដំណើរការប្រទេសជាតិឡើងវិញ លើគ្រប់វិស័យ ហើយបងប្អូន ក៏អាចប្រកបរបររកទទួលទាន លើកកម្ពស់ជីវភាពគ្រួសារ បានកាន់តែប្រសើរឡើងវិញ ។
លោក ស៊ូ ម៉ុល ជំរុញអោយអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។
លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវបេតុងល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយហើយចំពោះអ្នកម៉ៅការផ្លូវចាក់បេតុងនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណះបច្ចេកទេសពិសេសសូមឱ្យអ្នកប្រើប្រាស់ផផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុង ឬជនបទនោះឡើយ។
បន្ទាប់មកលោកអភិបាលស្រុក ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីនិងសូមពុកម៉ែបងប្អូនចាស់ក្មេងបន្តនាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញមិនតែប៉ុណ្ណោះសូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខអោយបានគ្រប់ៗគ្នា៕ដោយ៖ សុថាន