ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ ថាសុំណុំរឿងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារចាស់ ដែលបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសនិងកុមារអាយុ 60 ថ្ងៃស្លាប់ក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង០២ និង១០នាទី យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។
សុំណុំរឿងនេះត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៩ខែធ្នូ ឆ្នាំ ២០២២ ហើយតំណាងអយ្យការបានស៊ើបអង្កេតលើសុំណុំរឿងនេះរួចរាល់ហើយ នៅឡើយតែម្ចាស់រថយន្តដែលជាជនបង្កមិនទាន់បញ្ជូនខ្លួនមកកាន់សាលាដំបូងនៅឡើយនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក ពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត និងអ្នកបេីកបរ យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។
ភាគីរថយន្តម៉ាក ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២២ )។
ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ ៖ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួស ធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា០២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ហើយក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លា ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ។
ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហេីយ កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នកុមារអាយុ 60 ថ្ងៃត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង៨ និង ១០នាទីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ហើយនៅសពត្រូវបានយកទៅប្រារព្ធពិធីបុណ្យនៅវត្តទួលសង្កែរ។ ដោយក្តីអាណិតអាសូរ និង ចង់បានយុត្តិធម៏ដល់ គ្រួសារជនរងគ្រោះ មហាជនចាំមើលថា ជនបង្កត្រូវបាន បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែរឬទេ ៕ ដោយ៖ រ៉ារ៉ា