ភ្នំពេញ៖ នារីវ័យ២២ឆ្នាំម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពតបានសម្រេច ប៉ុន្តែព្យាយាមជិះរត់គេចខ្លួនមកដល់ក្រុងភ្នំពេញ ក៏ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១៥:៥០នាទី មានករណីរំលោភទំនុកចិត្ត (យកម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងកើតឈាងខាងជើង ផ្សាររាត្រីរង្វង់មូលធូរេន ស្ថិតនៅភូមិ កំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ប្រភពដដែលបន្តថា ក្រោយកើតហេតុកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការ និងផ្តល់ព័ត៌មានមកកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និង ប្រដេញតាមប្រព័ន្ធអាយខ្លោត (iCloud) ទូរស័ព្ទដៃរបស់ជនរងគ្រោះ រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចមុខរោងកុនចេនឡា ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៨:៤០នាទី។
ជនសង្ស័យ ឈ្មោះ សូ ស្រីនិច ភេទ ស្រី អាយុ ២២ឆ្នាំ ទីលំនៅក្រុមទី២៣ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅបណ្តោៈអាសន្ន ផ្ទះជួលភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជួលបន្ទប់ក្បែរគ្នា រយៈពេលប្រមាណជាង ១ខែ)។
ចំណែកជនរងគ្រោះឈ្មោះ ស៊ុត សាវរី ភេទស្រី ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសុវណ្ណសគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា ស៊ូមមើអ៊ិច (zoomer x ) ពណ៌ ស លាយក្រហម ពាក់ផ្លាកលេខ កំពត ១N៨៨៨១, ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ១២ pro max ពណ៌ ទឹកសមុទ្រ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងរៀបចំឯកសារប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖សហការី