ប្រធានក្រុម និងជាខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រូអាត នៅពេលដែលគាត់បានជួយអាហ្សង់ទីនទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ២០២២ជាមួយនឹងជ័យជម្នះលើក្រូអាត៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូនេះ ។
កីឡាករ Messi ដែល ទទួល បាន ចំណាត់ ថ្នាក់ ៨.៤៦ បាន រក គ្រាប់ បាល់ បើក ឆាក នៅនាទីទី៣៤ ក្នុងបាល់ប៉េណាល់ទី និងបាន បង្កើតឱកាសឲ្យកីឡាករ Julian Alvarez សម្រាប់ គ្រាប់ ទី២ ក្នុង ចំណោម គ្រាប់ បាល់ ទាំង២ គ្រាប់ របស់ គេ។
ខ្សែប្រយុទ្ធ Alvarez ដែលលេងឲ្យក្លិប Man City បានតាមពីក្រោយ Messi ជាមួយនឹងចំណាត់ថ្នាក់ ៨.៤១ ខណៈដែលគូប្រកួតរបស់គាត់គឺខ្សែបម្រើ Luka Modric ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុតរបស់ក្រូអាតជាមួយនឹងចំណាត់ថ្នាក់៧.២១។
ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវប៉ះក្រុមដែលឈ្នះនៅរាត្រីនេះ (បារាំង ឬ ម៉ារ៉ុក) ដើម្បីប្រជែងគ្នាលើកពាន World Cup 2022 នៅកាតាដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូម៉ោងនៅកម្ពុជា។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ Lionel Messi រកបានគ្រាប់បាល់ចំនួន១១គ្រាប់ នៅក្នុងព្រឹត្តិការណ៍ World Cup ពីការបង្ហាញខ្លួន៥លើកកន្លងមក ដោយគាត់បានបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធលោក Gabriel Batistuta ដែលរកបានត្រឹម១០គ្រាប់សម្រាប់ជម្រើសជាតិអាហ្សង់ទីនមុនពេលគាត់ចូលនិវត្តន៍ ៕ (រូបភាព ៖ FIFA/BBC Sport)