ខេត្ដកណ្ដាល: ជនសង្ស័យម្នាក់ បន្លំខ្លួនឱ្យគ្រូពេទ្យពិនិត្យសុខភាព រួចលួចយកកាបូបគ្រូពេទ្យទៅបាត់ ដោយមិនមានលុយក្នុងកាបូប មិនអស់ចិត្ត ជនសង្ស័យក៏បន្លំខ្លួនចូលក្នុងមន្ទីរពេទ្យផ្សេងទៀត អោយគ្រូពេទ្យពិនិត្យសុខភាព ហើយធ្វើជាទិញអីវ៉ាន់ ខណ:គ្រូពេទ្យកំពុងយកអីវ៉ាន់អោយ ក៏លួចកាបូបរបស់គ្រូពេទ្យរួចព្យាយាមរត់គេចខ្លួន តែមិនបានសម្រេច ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច។ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង១៧និង១៥នាទី ចំណុចនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ ទី១.ឈ្មោះ ហេង វាសនា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ ពន់ចាន ឃុំ ព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។ មុខរបរ គ្រូពេទ្យ ទី២.ឈ្មោះ ហង់ កែវកណ្ណិកា ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។ មុខរបរ គ្រូពេទ្យ។ ចំណែកជនសង្ស័យឈ្មោះ ពៅ សុភ័ក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ថ្នល់ទស្សិណ ឃុំ ក្រាំងធ្នង់ ស្រុក បាទី ខេត្ត តាកែវ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ជនសង្ស័យខាងបានធ្វើសកម្មភាពនៅក្នុងស្រុក កណ្ដាលស្ទឹង០២លេីក៖ លេីកទី១ នៅចំនុចភូមិ ស្វាយមីង ឃុំ បារគូ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២វេលាម៉ោង ០៦និង៥១នាទី ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងខាងលេីចេញពីផ្ទះរបស់ខ្លួនមកម្តុំផ្សារកំពង់កន្ទួត រួចបានចូលពេទ្យឯកជនមួយកន្លែងយីហោ បន្ទប់ពិព្រោះជម្ងឺ និង ព្យាបាល សាន សុវណ្ណ ពេលចូលទៅដល់ជនសង្ស័យបានអោយជនរងគ្រោះពិនិត្យជំងឺរបស់ខ្លួន ពេលពិនិត្យរួចជនរងគ្រោះបានប្រាប់ថា អូនឯងលេីសឈាមហេីយ ពេលនោះជនសង្ស័យបានប្រាប់ថាអត់អីទេក៏ចេញទៅបាត់ទៅ មួយសន្ទុះក្រោយមកជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះជនរងគ្រោះម្តងទៀតបាន ហេីយបានធ្វើសកម្មភាពលួចយកកាបូបរបស់ជនរងគ្រោះរួចជិះម៉ូតូរបស់ត្រឡប់មកផ្ទះវិញ ពេលជិះម៉ូតូមកតាមផ្លូវដល់ចំនុចតាមខ្នងប្រឡាយស្ថិតនៅភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់ស ស្រុក បាទី ខេត្ត តាកែវ ជនសង្ស័យបានឈប់ម៉ូតូឆែកមេីលកាបូបលុយរបស់ជនរងគ្រោះពុំឃេីញមានលុយ មានតែឯកសារខាងលើក៏បោះកាបូបនោះចោលក្នុងព្រៃបាត់ទៅ រួចជិះម៉ូតូទៅដេកនៅផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់ស ស្រុកបាទីខេត្តតាកែវ ។
លេីកទី០២ នៅចំនុចភូមិឃុំកេីតហេតុខាងលើ នៅវេលាម៉ោង១៦និង០០នាទីជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះអ៊ុំរបស់ខ្លួនខាងលើដោយជិះមកតាមផ្លូវជាតិលេខ២លុះចំនុចកេីតហេតុខាងលើជនសង្ស័យបានជិះម៉ូតូចូលពេទ្យឯកជនមួយកន្លែងយីហោ បន្ទប់ពិគ្រោះ និង ថែទាំជំងីទូទៅ ហេង វាសនា
ស្ថិតនៅភូមិឃុំកេីតហេតុខាងលេី ពេលចូលទៅដល់ក្នុងពេទ្យជនសង្ស័យបានប្រាប់ជនរងគ្រោះថាខ្លួនចង់វាស់ឈាម ពេលនោះជនរងគ្រោះបានអោយ ជនសង្ស័យអង្គុយលេីកៅអី រួចជនរងគ្រោះពិនិត្យឈាមអោយជនសង្ស័យចំនួនពីរដង ពេលពិនិត្យឈាមរួចជនសង្ស័យបានសួរជនរងគ្រោះរកទិញទឹកដោះគោកូនក្មេង និង ទិញ ចានដែកងូតទឹកកូនក្មេង ពេលជនរងគ្រោះឈោងយកចានដែកងូតទឹកកូនក្មេងនៅលេីធ្នេីរ ពេលនោះជនសង្ស័យបានស្ទុះទៅក្រៀកក និង យកដៃខ្ទប់មាត់ ច្របាច់ក ជនរងគ្រោះ បោកផ្តួលទៅនឹងដី បំណងចង់លួចយកលុយ ទូរស័ព្ទ និង សម្ភារៈផ្សេងៗ តែជនរងគ្រោះប្រឹងរេីរបម្រាស់ ខាំដៃរបស់ជនសង្ស័យជាប់ពេលនោះជនសង្ស័យបានព្យាយាមរត់សំដៅទៅម៉ូតូដេីម្បីជិះរត់គេចខ្លួនតែត្រូវបានជនរងគ្រោះ និង អ្នកជិតខាងបានជួយចាប់ជនសង្ស័យហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ពេលទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែងបានទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕