ក្រសួងយុត្តិធម៌ បង្កើតក្រុមការងារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់​និងយុត្តិធម៌ ជំហានទី៦

ចែករំលែក៖

ភ្នំពេញ : ក្រសួងយុត្តិធម៌ បង្កើតក្រុមការងារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់​និងយុត្តិធម៌ ជំហានទី៦ ។ នេះបើយោងតាម សេចក្តីសម្រេចលេខ ៥២កយ.សសរ/២២ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ ស្តីពីការបង្កើតក្រុមការងារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់​និងយុត្តិធម៌ ជំហានទី៦ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងយុត្តិធម៌ សម្រេច : បង្កើតក្រុមការងារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ (legal and Judicial Development Project Phase VI) ដែលមានសមាសភាព ដូចខាងក្រោម៖
១- លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជានាយកគម្រោង ប្រធាន
២- លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអ្នកគ្រប់គ្រងគម្រោង អនុប្រធាន
៣- លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ អនុប្រធានប្រចាំការ និងសមាជិក ចំនួន ២៥រូប ។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
– រៀបចំយន្តការដឹកនាំ និងយន្តការសម្របសម្រួលចំណុះនានា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តតម្រោង

– ដឹកនាំ និងសម្របសម្រួលការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោង

– សម្របសម្រួលការងារជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ

– តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ ដែលពាក់ព័ន្ធនឹង
ការអនុវត្តគម្រោង
– បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវចូលរួមកិច្ចប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ ក្នុងករណី ប្រធានអវត្តមាន អនុប្រធានអាចកោះប្រជុំ និង/ឬ ដឹកនាំកិច្ចប្រជុំជំនួសបាន តាមការប្រគល់សិទ្ធិពីប្រធាន។ ក្រុមការងារនេះ អាចជ្រើសរើសមន្ត្រីក្រោមឱវាទបន្ថែម ដើម្បីជាជំនួយដល់ការអនុវត្តការងាររបស់ខ្លួន។ ក្រុមការងារនេះ អាចអញ្ជើញអ្នកជំនាញ ទីប្រឹក្សា ឬមន្ត្រីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីផ្ដល់ យោបល់ និងជួយដល់ដំណើរការការងាររបស់ខ្លួន តាមការចាំបាច់។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print