ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរជាមួនឹងបុរសជនជាតិចិន៤នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងជ្រុលទៅបុកជាមួយនឹងរថយន្តស៊ីណានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរថយន្តរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៦១ កែងនឹងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងបុរសជនជាតិចិន៤នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-9879ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្តម៉ាកស៊ីណាពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-5786 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦១ ក្នុងទិសដៅពីជើងទៅត្បូងចំពីចំហៀងខាងមុខខាងស្តាំពេញទំហឹងបណ្ដាលឱ្យរថយន្តស៊ីណាខូចខាតចំហៀងខាងមុខខាងស្តាំនិងបែកកង់មុខ។ ចំណែករថយន្តឡង់គ្រីស័ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុភាគីទាំងពីរនៅតែជជែកតឹងសរសៃកដាក់គ្នាយកត្រូវរៀងៗខ្លូន ទើបសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ