កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានធ្វើការសាកល្បង “ចុងក្រោយ និងសំខាន់” ដើម្បីបង្កើតផ្កាយរណបចារកម្មរបស់ខ្លួន។ កាលពីថ្ងៃទី១៨ ខែធ្នូ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានអនុវត្តការសាកល្បងចុងក្រោយដើម្បីបង្កើតផ្កាយរណបចារកម្មដែលខ្លួនមានគោលបំណងដើម្បីបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដដំណាក់កាលចុងក្រោយ និងដ៏មានសារៈសំខាន់នៅក្នុងការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ផ្នែកយោធា ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋបាលអភិវឌ្ឍទីអវកាសជាតិរបស់កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដខាងលើកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅឯស្ថានីយបាញ់បង្ហោះផ្កាយរណប សូហេ (Sohae) ស្ថិតនៅក្នុងតំបន់ឆុលសាន (Cholsan) នៃខេត្តព្យុងហ្កាន់ ខាងជើង (North Pyongan)។
KCNA បានបន្ថែមទៀតថា រ៉ុក្កែតមួយគ្រាប់បានពាំផ្កាយរណបសាកល្បងមួយ ក្នុងនោះរួមមានបញ្ចូលទាំងកាមេរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន និងទទួលរូបភាព ឧបករណ៍គ្រប់គ្រង និងស្ដុកថ្ម ជាមួយការបាញ់បង្ហោះក្នុងរយៈកម្ពស់៥០០គីឡូម៉ែត្រ។ ការធ្វើតេស្ដនេះទៀតសោត ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យលើសមត្ថភាពផ្តិតយករូបភាពរបស់ផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងនៅលើដី ហើយជាមួយគ្នានោះដែរ KCNA ក៏បានបញ្ចេញរូបភាពទីក្រុងសេអ៊ូល និងទីក្រុងអ៉ីនឆ័នរបស់កូរ៉េខាងត្បូងដែលថតដោយផ្កាយរណបនេះផងដែរ៕ ដោយធីរីណា
រូបថត : Reuters