យ៉ាងហោចណាស់មនុស្ស៣៦ នាក់នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines បានរងរបួស ក្នុងនោះមាន១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីយន្តហោះរបស់ពួកគេជួបប្រទះភាពចលាចល ដោយអង្រួនខ្លាំងពេលធ្វើដំណើរពី Phoenix ទៅ Honolulu កាលពីថ្ងៃទី១៨ ខែធ្នូ។
យោងតាម CNNបានផ្សាយថា យន្តហោះ Airbus ៣៣០ របស់ Hawaiian Airlines ដែលមានលេខ៣៥បានជួបប្រទះនឹងភាពច្របូកច្របល់នៅវេលាម៉ោង១០និង ៣៥នាទីព្រឹកប្រហែល៣០នាទីមុនពេលចុះចតនៅទីក្រុង Honolulu (រដ្ឋ Hawaii សហរដ្ឋអាមេរិក) ។
នៅវេលាម៉ោង១១ព្រឹកថ្ងៃដដែលនេះ សេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ Honolulu និងទីភ្នាក់ងារឆ្លើយតបសុខភាពរបស់សហរដ្ឋអាមេរិកបានប្រកាសថា ពួកគេកំពុងដោះស្រាយ “គ្រាអាសន្ននៃអ្នកស្លាប់និងរបួសច្រើន” នៅអាកាសយានដ្ឋានអន្តរជាតិ Daniel K. Inouye ។
យ៉ាងហោចណាស់មនុស្ស៣៦នាក់បានរងរបួស ក្នុងនោះ២០នាក់ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ រួមទាំងទារកអាយុ១៤ខែផងដែរ។ បច្ចុប្បន្នមនុស្ស១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជនរងគ្រោះភាគច្រើនរងរបួសក្បាល បែកក្បាល ជាំ និងសន្លប់។ ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines កំពុង “គាំទ្រអ្នកដំណើរ និងបុគ្គលិកទាំងអស់” ដែលរងផលប៉ះពាល់៕ ដោយធីរីណា
រូបថត : twitter