សម្ដេចតេជោ ហ៊ុន សែន គាំទ្រគម្រោងកែច្នៃសំរាម ទៅជាថាមពល នៃក្រុមហ៊ុនរបស់កូរ៉េ

ចែករំលែក៖

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យលោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាចូលជួបសំដែងការគួរសម និងជម្រាបលានៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ខណៈលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា៖ លោកPARK បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។លោកPARK ក៏បានគោរពសម្ដែងនូវអំណរអរគុណ យ៉ាងជ្រាវជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ និងមន្ត្រីរាជការក៏ដូចជាប្រជាជនកម្ពុជាទាំងអស់នូវកិច្ចសហប្រតិបត្តិការល្អ ដែលញាំងឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យ ធ្វើ ឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេសតាមរយៈការរៀបចំ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីកូរ៉េ មកកាន់កម្ពុជា។

ការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេសដំណើរការសាងសង់ស្ពាន មិត្តភាពកម្ពុជា -កូរ៉េ ឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រ។ ឆ្លៀតឱកាសនោះ លោកឯកអគ្គរដ្ឋទូតក៏បានគោរពសុំការគាំទ្រ អំពីសម្ដេចតេជោលើគម្រោង កែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអ៊ីកូខាម។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក PARK ឯកអគ្គរដ្ឋទូតនិងរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រភាពជាប្រធានអាស៊ាន របស់កម្ពុជាហើយបានសំដែង នូវការរីករាយជាមួយនឹង សមិទ្ធផលធំៗ ដែលកម្ពុជាទទួលបានអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

សម្តេចបន្តថា ស្ពានមិត្តភាពកម្ពុជា កូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជានិងកូរ៉េ។ ចំពោះករណីគម្រោង កែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអ៊ីកាខាមនោះ សម្ដេចបានសំដែងនូវការគាំទ្រ ហើយបានជូនទៅលោក សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ធ្វើការបន្តជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល និងសាលារាជធានីភ្នំពេញផងដែរ។ 

...

ជាទីបញ្ចប់សម្ដេចតេជោជូនពរលោក PARK ទទួលបានជោគជ័យក្នុងបេសកម្ម របស់លោកទៅថ្ងៃអនាគត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print