ភ្នំពេញ : សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីត្រួតពិនិត្យលទ្ធការងារសំខាន់ៗ ដែលរដ្ឋសភាបានអនុវត្តនាពេលកន្លងមក។
នៅក្នុងកិច្ចប្រជុំ បានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃលើការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA43) ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកាកន្លងមក ថាទទួលបានជោគជ័យធំធេង នាំនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសភានានាទំាងកម្រិតទ្វេភាគីនិងពហុភាគីឱ្យកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយឡើង។
មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ដែលជាមូលបទឆ្លើយតប សភាពការណ៍ជាក់ស្តែងនៅក្នុងតំបន់ និងសកលលោក ក្រោយការរាលត្បាតជំងឺកូវីដ-១៩។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានថ្លែងអំណរគុណ ព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបានអរគុណយ៉ាងជា្រលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សម្តេចបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរដ្ឋសភា អគ្គលេខាធិការដ្ឋសភា មន្រ្តីរាជការទំាងអស់ ដែលបានខិតខំបំពេញការងារ លះបង់កម្លំាងកាយចិត្ត បំពេញតួនាទីបម្រើដល់មហាសន្និបាតឱ្យទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់៕
ដោយ : សិលា