អាជ្ញាធរប៉េរូបានបញ្ជូនឧទ្ធម្ភាគចក្រដើម្បីជម្លៀសអ្នកទេសចរចេញពីប្រាសាទ Machu Picchu បន្ទាប់ពីក្រុមបាតុករយកថ្មបិទផ្លូវរថភ្លើង ។
សារព័ត៌មាន The Guardian បានផ្សាយថា មនុស្សជាច្រើនបានជាប់គាំងនៅប្រាសាទ Inca ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ បន្ទាប់ពីក្រុមបាតុករបានបិទផ្លូវរថភ្លើងទៅកាន់ទីក្រុង Cusco ដោយបង្ខំឱ្យអ្នកទេសចរដើរទៅកាន់ទីក្រុង Ollantaytambo ដែលនៅជិតនោះ។
ក្រសួងទេសចរណ៍របស់ប្រទេសប៉េរូបាននិយាយនៅថ្ងៃទី១៩ ខែធ្នូថាអ្នកទេសចរដែលទៅទស្សនាប្រាសាទ Inca ក្នុងខេត្តMachu Picchu ត្រូវបានជម្លៀសដោយឧទ្ធម្ភាគចក្រទៅកាន់ Cusco ខណៈដែលជើងហោះហើរទៅកាន់រដ្ឋធានី Lima កំពុងដំណើរការជាធម្មតា។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសប៉េរូ នៅពេលដែលមនុស្សមួយក្រុមបានបិទផ្លូវនិងព្រលានយន្តហោះជាច្រើន បន្ទាប់ពីអតីតប្រធានាធិបតី Pedro Castillo ត្រូវបានបណ្តេញចេញពីតំណែង។
ក្រុមហ៊ុនផ្លូវដែក Peru Rail របស់ប្រទេសប៉េរូបាននិយាយនៅថ្ងៃទី១៧ ខែធ្នូថា ខ្លួនបានបន្តប្រតិបត្តិការទៅនិងមកពី Machu Picchu ក្នុងករណីមានអាសន្ន។
អភិបាលក្រុង Machu Picchu លោក Darwin Baca បាននិយាយថា អ្នកទេសចរប្រហែល ៣០០នាក់ត្រូវបានជាប់នៅទីនេះ បន្ទាប់ពីមានការតវ៉ាបានផ្ទុះឡើង។
តាមសារព័ត៌មាន CNN បណ្តាប្រទេសនានាក៏បានចេញអនុសាសន៍សម្រាប់ពលរដ្ឋពិចារណានៅពេលធ្វើដំណើរទៅកាន់ប្រទេសប៉េរូនៅពេលនេះ ។
ស្ថានទូតអង់គ្លេសនៅទីក្រុងលីម៉ា ជំរុញឱ្យពលរដ្ឋរបស់ខ្លួនចុះឈ្មោះតាមរយៈទម្រង់អនឡាញនៅក្នុងប្រទេសប៉េរូ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចុះបញ្ជីប្រទេសប៉េរូជាគោលដៅចំនួន៣ ដែលចាំបាច់ត្រូវ “គិតឡើងវិញ” សម្រាប់ពលរដ្ឋចង់ទៅកាន់ទីនោះ៕ ដោយធីរីណា
រូបថត : zingnews.vn