ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី«ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៦ ឆ្នាំ២០២២ នៅវិទ្យាល័យសម្តេចតេជោហ៊ុន សែន ស្ទឹងត្រង់ ស្ថិតក្នុងភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
កម្មវិធីនេះមានការចូលរួមក្នុងពីសំណាក់លោកប្រធានសាលាដំបូងខេត្ត លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អស់លោកលោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញ និងជាសមាជិក គណៈកម្មាធិការខេត្តប្រយុទ្ធនឹងការជួញដូរមនុស្ស លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស។
ក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាមបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងមានវិធានការយ៉ាងតឹងរុឹងបំផុតចំពោះជនជាមេខ្យល់ទាំងឡាយ ហើយខ្ញុំក៏សូមធ្វើការអំពាវនាវដល់បងប្អូន ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាពិសេសកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន សូមចូលរួមឱ្យបានកាន់តែសកម្មថែមទៀតដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សតាមគ្រប់ទម្រង់ និងគ្រប់រូបភាព ហើយខ្ញុំនឹងមិនលើកលែងជាច់ខាតចំពោះជនទាំងឡាយណា ដែលលូកដៃធ្វើអន្តរាគមន៍ឱ្យមានការដោះលែងចំពោះជនល្មើសក្នុងអំពើជួញដូរមនុស្សនេះ» និង«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព»។
លោក អ៊ុន ចាន់ដា មានប្រសាសន៍ បញ្ជាក់ទៀតថា ឆ្នាំ២០២២នេះ យើងមានឱកាសជាថ្មីក្នុងការរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព» ដែលស្របទៅទស្សនវិស័យ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បី ជាមូលដ្ឋានបង្អែក នៃការអភិវឌ្ឍជាតិគ្រប់វិស័យ ក្នុងរយៈពេលវែង ។ ជាមួយនោះ ឯកឧត្ដម ក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ វត្តមានលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅក្នុងកម្មវិធី ដ៏មានសារៈសំខាន់ នាថ្ងៃនេះ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា គូសបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែប្រារព្ធទិវាជាតិនេះឡើង ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង ការផ្សព្វផ្សាយខិតប័ណ្ណ តាមសាលារៀន និងទិសាធារណៈនានា នៅទូទាំងខេត្ត ដែលមានអ្នកចូលរួម និងទទួលបាននូវខិតប័ណ្ណ រហូតដល់រាប់សែននាក់ ដើម្បី បំផុសការយល់ដឹងយ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការ នៃអំពើរជួញដូរមនុស្ស ដែលបង្កគ្រោះមហន្តរាយ ដល់មនុស្ស ក្មេង ចាស់ ប្រុស ស្រី និងដល់សង្គមជាតិ ឥតឈប់ឈរ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទាំងនៅតាមមូលដ្ឋាននានា ។ ក្រៅពីនោះ ការរៀបចំកម្មវិធីនេះ ក៏ជាឱកាសមួយ ក្នុងការដាស់តឿន ដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ស្ថានភាព គ្រប់មជ្ឈដ្ឋាន ឲ្យប្រុងប្រយ័ត្ន ចំពោះល្បិចកលថ្មីៗ របស់ជនល្មើសជូញដូរមនុស្ស ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើបន្ថែម ដល់អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នា បន្តទៀត ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព នោះគឺការចូលរួមអនុវត្តនូវគោលនយោបាយទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល ដោយឯកឧត្ដម លើកយកចំនុចសំខាន់ៗចំនួន ៤ គឺ ៖
១.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។
២.មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ ។
៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។
និង៤.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៕ ដោយ៖វណ្ណៈ