ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric បាននិយាយថា គាត់មានបំណងលេងឱ្យប្រទេសក្រូអាតរហូតដល់វគ្គផ្តាច់ព្រ័ត្រNations League នៅខែមិថុនាឆ្នាំក្រោយ ប៉ុន្តែមិនទាន់សម្រេចចិត្តអំពីការចូលរួមរបស់គាត់នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬEuro 2024 នៅឡើយទេ។
Modric បានជួយក្រូអាតឈ្នះមេដាយសំរឹទ្ធ (ចំណាត់ថ្នាក់លេខ៣) ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា បន្ទាប់ពីពួកគេបានយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល ២–១ ក្នុងការប្រកួតយកចំណាត់ថ្នាក់លេខ៣កាលពីរាត្រីថ្ងៃសៅរ៍ ដោយបានបញ្ចប់ក្នុងឋានៈជាជើងឯករងកាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី។
លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតបាននិយាយថា នៅសប្តាហ៍នេះ Modric ទំនងជានឹងបង្ហាញខ្លួនសម្រាប់ពួកគេនៅ Euro នៅប្រទេសអាឡឺម៉ង់ ទោះបីជាអាយុរបស់គាត់មានវ័យជ្រេ និង ប្រសិនបើក្រុមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែកីឡាករវ័យ៣៧ឆ្នាំរូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា គាត់នឹងពិចារណាជម្រើសរបស់គាត់។
Modric បាននិយាយថា “អំពីអនាគតរបស់ខ្ញុំ? ខ្ញុំមិនដឹងថាតើខ្ញុំនឹងលេងរហូតដល់ Euro នៅប្រទេសអាឡឺម៉ង់ឬអត់ទេ។ ខ្ញុំរីករាយជាមួយក្រុមជម្រើសជាតិ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ខ្ញុំនៅតែគិតថាខ្ញុំអាចប្រកួតបានក្នុងកម្រិតខ្ពស់។ បន្ទាប់មកវានឹងមានពេលច្រើនទៀតដើម្បីគិតអំពីយូរ៉ូ។ ឥឡូវនេះ វាត្រូវទៅមួយជំហានៗ ហើយបន្តយ៉ាងហោចណាស់រហូតដល់ Nations League ហើយបន្ទាប់មកយើងនឹងឃើញ“។
កីឡាករ រូប នេះ បានបន្ថែម ថា ការ ឈ្នះ មេដាយ សំរឹទ្ធ គឺ មាន សារៈ សំខាន់ ណាស់ សម្រាប់ គាត់ ព និង ក្រុម របស់ គាត់។ខ្សែបម្រើរូបនេះបានបញ្ជាក់ថា “ជាមួយនឹងមេដាយនេះ យើងបញ្ជាក់ថា ក្រូអាតកំពុងដើរតួយ៉ាងសំខាន់ក្នុងកីឡាបាល់ទាត់ពិភពលោក ហើយយើងកំពុងចាកចេញពីកាតាជាអ្នកឈ្នះក្នុងចំណាត់ថ្នាក់លេខ៣” ៕ (រូបភាព ៖ Reuters/CNA)