ភ្នំពេញ : សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, កំពុងដំណើរការ មជ្ឈមណ្ឌលម៉ានី នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ សន្និសិទសារព័ត៌មានស្តីពីការត្រៀមរៀបចំខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អមដំណើរដោយ លោក លោកស្រី អនុប្រធានស. ស.ស.យ.ក. រួមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមចង្កោមនៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៣ ក្រុមការងាររៀបចំ និងអ្នកសារព័ត៌មានប្រមាណ ៣៥ រូបមកពី ១៨ ស្ថាប័ន ផ្សេងគ្នា។
សហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា, មានប្រសាសន៍ក្នុងសន្និសិទ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរៀបចំឡើងក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាការរំលឹកដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ ផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា ពិសេសផ្តល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងស្មារតីនៃមហាគ្រួសារខ្មែរ។
ទន្ទឹមនឹងនេះ លោកបានរំលេចបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ក៏ជាព្រឹត្តការណ៍មួយដែលផ្សាភ្ជាប់នៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ ៕
ដោយ : សហការី