ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២២ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង បានចែកអំណោយជូនដល់ ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ចំនួន ១៩០ គ្រួសារ ដែលមកពី ភូមិ ចំនួន ០២ គឺ ភូមិវាលព្រីង និង ភូមិ រិទ្ធីសែនជ័យ០២ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រោមអធិបតីភាពលោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំង លោក លោកស្រី ដែលជា ប្រធាន អនុប្រធានមន្ទី និង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានឲ្យដឹងថា: អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជា អំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនីតិសម្បទា និងថ្នាក់ដឹកនាំខេត្តផងដែរ ក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម . មី១កេស .ត្រីខ ១យួរ .ទឹកត្រី១យួរ និងភួយ១ ផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះលោកស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមានប្រសាសន៍ថា: ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ។ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។ ដោយក្នុងនោះ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ដែលជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល យកមកចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ។ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៏ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូន ឲ្យកាន់តែល្អថែមទៀត។ លោកស្វាយ សំអ៊ាង បន្តថា បើទោះបីសំភារៈនិងថវិការទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះហើយបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹម ជីវិតអោយបានកាន់តែល្អថែមទៀត និងត្រូវធ្វើយ៉ាងណាត្រូវខិតខំបង្កបង្កើតផលដំណាំអោយបានកាន់ល្អក្នុងការរកប្រាក់កម្រៃបានកាន់ច្រើន ដើម្បីឲ្យជីវភាពកាន់តែធូស្រាលជាងមុន ជាពិសេសត្រូវយល់ដឹងពីផលិផលកសិកម្ម និងបច្ចេកទេស ការដាំ ការដាក់ជី ការធ្វើដី ក្នុងការអនុវត្តជាក់ស្តែងទទួលបានទន្និផលល្អសំរាប់ចិញ្ចឹមគ្រួសារបន្តទៀត។
លោកអភិបាលខេត្តបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាបានធ្វើអោយប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យរួមមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនអោយប្រជាពលរដ្ឋ ខ្វះខាតលំបាកអ្វីឡើយ ។ ជាក់ស្តែងនៅពេលនេះរាជរដ្ឋាភិបាលបាននាំយកអំណោយអោយតាមរយៈមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាធ្វើការចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជួបនៅការលំបាកខ្វះខាតចំនួន ១៩០ គ្រួសារនៅក្នុងស្រុក បុរីអូរស្វាយសែនជ័យ ដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាក់របស់ប្រជាពលរដ្ឋបានមួយកំរិត។ ឆ្លៀតក្នុងឱកាសនោះដែរលោកស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕