កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បាននិយាយថា អ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តរបស់សហភាពអឺរ៉ុប (EU) នោះទេ។ លោកបញ្ជាក់ថា “អ៊ុយក្រែនមិនមែនជាសម្ព័ន្ធមិត្តទេ ប៉ុន្តែកំពុងព្យាយាមធ្វើជាសម្ព័ន្ធមិត្ត។ មិនសមហេតុផលសម្រាប់ពួកគេត្រូវបានបង្ហាញជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប វាពិតជាគ្រោះថ្នាក់ណាស់។
ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បាននិយាយទៀតថា “ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (Herzegovina) ត្រូវរង់ចាំ។ រង់ចាំយូរដើម្បីដាក់ពាក្យ សម្រាប់ការចូលជាសមាជិក” ។
យោងតាមប្រធានាធិបតី Zoran Milanovic ជម្លោះនៅអ៊ុយក្រែន “គឺជៀសមិនរួច” ។
លោក Milanovic បាននិយាយថា “ទស្សនវិជ្ជាទាំងមូលនៃសង្រ្គាមរបស់លោកខាងលិច និងសហរដ្ឋអាមេរិក គឺដើម្បីវាយប្រហារប្រទេសដែលខ្សោយនិងស្វែងរកការបំផ្លាញប្រទេសនោះ” ដោយលោកបន្ថែមថា រុស្ស៊ី និងសហរដ្ឋអាមេរិកបានចូលក្នុងជម្លោះដោយចេតនា។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន អង្គការសុខភាពពិភពលោក WHO បាននិយាយថាប្រជាជន១០លាននាក់ ឬជិតស្មើនឹង ១ភាគ៤នៃប្រជាជនអ៊ុយក្រែន អាចនឹងប្រឈមមុខនឹងវិបត្តិផ្លូវចិត្ត ដោយសារតែសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូ ចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វុីស លោក ហ្សាណូ ហាប៊ីគ (Jarno Habicht) ជាអ្នកតំណាង WHO ប្រចាំប្រទេសអ៊ុយក្រែនបានគូសបញ្ជាក់ដូច្នេះថា «WHO បានវាយតម្លៃថា ប្រជាជនអ៊ុយក្រែន រហូតដល់ទៅ១០លាននាក់អាចនឹងប្រឈមមុខនឹងហានិភ័យនៃវិបត្តិផ្លូវចិត្ត ក្នុងនោះរួមមានទាំងស្ដ្រេស ធុញថប់ និងស្រ្ដេសក្នុងលក្ខណៈធ្ងន់ធ្ងរ»។ លោក ហាប៊ីគ បន្ថែមទៀតថា វិបត្តិផ្លូវចិត្តដែលមានស្ថានភាពធ្ងន់ធ្ងរនោះគឺជំងឺបាក់ស្បាត។
បើតាម WHO មកទល់នឹងបច្ចុប្បន្ន មានការវាយប្រហារជាង ៧០០លើកលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅក្នុងប្រទេសអ៊ុយក្រែន នៅចំពោះការបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៉ីដើម្បីបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ថាមពលអ៊ុយក្រែនចាប់តាំងពីខែតុលាមក៕ ដោយធីរីណា
រូបថត : AP