មនុស្ស៥នាក់បានស្លាប់ ហើយមនុស្សជាង ៦៦.000នាក់នៅក្នុងរដ្ឋចំនួន ៥ ក្នុងប្រទេសម៉ាឡេស៊ីត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហារផ្នែកជាច្រើននៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃទី២០ ខែធ្នូ បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់នោះមានក្មេងប្រុសអាយុ១៥ខែម្នាក់។
ទីភ្នាក់ងារសារព័ត៌មាន Bernama បានផ្សាយថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដោយមនុស្ស ៣៧.៣៩២នាក់នៅក្នុងរដ្ឋ Terengganu ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់។
ជនរងគ្រោះដោយទឹកជំនន់សរុបចំនួន ៦៦,៧១៨នាក់ត្រូវបានកត់ត្រានៅមជ្ឈមណ្ឌលទាំងនេះ ដោយចំនួននៅតែបន្តកើនឡើងនៅក្នុងខេត្តតឺរ៉េងហ្គានូ (Terengganu) កឺឡាន់តាន់ (Kelantan) និងប៉ាហាំង (Pahang)។
យោងតាមទិន្នន័យតាមដានទឹកជំនន់របស់រដ្ឋាភិបាល កម្រិតទឹកនៃទន្លេសំខាន់ៗមួយចំនួនរួមមានទន្លេស៊ុនហ្គៃ ហ្កូឡុក (Sungai Golok) និងស៊ុនហ្គៃ ឡេបៀ (Sungai Lebir) ក្នុងរដ្ឋកឺឡាន់តាន់ (Kelantan) ត្រូវបានចាត់ទុកថាជាទីមានគ្រោះថ្នាក់។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MET Malaysia) បានឱ្យដឹងថា ទិន្នន័យបង្ហាញពីរលកទីពីរនៃខ្យល់មូសុងឦសាន ដែលពីមុនត្រូវបានព្យាករថា នឹងអូសបន្លាយពីថ្ងៃទី១៧ ខែធ្នូ ដល់ថ្ងៃទី២១ ខែធ្នូ ហើយឥឡូវនេះត្រូវបានព្យាករថានឹងបន្តរហូតដល់ថ្ងៃទី២៥ ខែធ្នូ។
គិតត្រឹមរសៀលថ្ងៃអង្គារសប្តាហ៍នេះ មនុស្សសរុបចំនួន ៩២,១៥៧នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះនៅទូទាំងរដ្ឋចំនួន១១ ចាប់តាំងពីខ្យល់មូសុងបានវាយប្រហារប្រទេសម៉ាឡេស៉ី កាលពីដើមខែវិច្ឆិកាមក៕ ដោយធីរីណា
រូបថត : TTXVN