ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំសហការី ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណចំពោះវីរភាពដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ ហើយមួយចំនួនទៀតបានពលីជីវិត ដើម្បីចូលរួមចំណែកទប់ស្កាត់ការវឹលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុល ពត និងជាប្រតិបត្តិករចូលរួមអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិយេីងមានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិនិងមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន ដែលជាម្ចាស់ផ្ទះ ជាមួយប្រទេសមហាអំណាចធំៗនៅលើពិភពលោក ហើយជាមួយនោះផងដែរសម្តេចតេជោក្នុងនាមប្រធានអាស៊ានបានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំអាស៊ានជាមួយសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលប្រទេលបែលហ្សុិក និងបានបន្តអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំងក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានប្រធានាធិបតីបារាំងលោក អេម៉ាណុយអែល ម៉ាក្រុង ទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុត ដែលនេះជាជោគជ័យដ៏ត្រចះត្រចង់ និងជាមោទនភាពរបស់កម្ពុជានៅលេីឆាកអន្តរជាតិ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីទាំងអស់ ដែលកំពុងរស់នៅដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត សូមឲ្យបងប្អូនខិតខំបង្កបង្កើនផលដោះស្រាយជីវភាពគ្រួសារ ដើម្បីកសាងជីវភាពថ្មី ឲ្យកាន់តែប្រសើរថែមទៀត។ ជាមួយនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ថាអំណោយ ដែលបានឧបត្ថម្ភជូនបងប្អូនអតីតយុទ្ឋជននៅពេលនេះគឺជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រី១យួរ និងត្រីខកំប៉ុងចំនួន១យួរចំនួនផងដែរ៕ ដោយ៖សហការី