ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនជ្រុលទៅបុករថយន្តសាមុយរបស់មន្ទីពេទ្យឯកជន ម៉ាលីបុត្រ ដែលកំពុងដឹកសពបុរសម្នាក់បើកឆ្លងផ្លូវ ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបទួលពង្រតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងនឹងផ្លូវមហាវីថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃើញរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន ម៉ាលី បុត្រ មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BM-9135ដឹកសពបុរសម្នាក់យកទៅខេត្តបាត់ដំបង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C- 125ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IZ-2240ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ជ្រុលបុករថយន្តសាមុយពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់។
ក្រោយកេីតហេតុភ្លាមៗ រថយន្តសាមុយមួយគ្រឿងទៀតបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ចំណែកសពនៅនិងរថយន្តសាមុយដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានផ្ទេដាក់រថយន្តសាមុយមួយគ្រឿងទៀតដើម្បីបញ្ជូនទៅស្រុកកំណើតធ្វេីបុណ្យបន្ត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ