ភ្នំពេញ : នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ កម្មវិធី «ល្ខោនខ្មែរ»រដូវកាលទី១ បានឈានមកដល់វគ្គផ្តាច់ព្រ័តរបស់ខ្លួនហើយ ដែលការប្រកួតជុំចុងក្រោយបានប្រព្រឹត្តទៅនៅស្ទូឌីយោវិទ្យុ និងទូរទស្សន៍បាយ័ន ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ក្នុងស្មារតីស្រលាញ់ ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ដូនតា ជាពិសេសផ្តល់ឱកាសដល់យុវសិល្បករ និងយុវជនជំនាន់ក្រោយសិក្សាស្វែងយល់ និងចូលរួមលើកស្ទួយ ការពារសម្បត្តិវប្បធម៌អរូបីរបស់ជាតិ ស.ស.យ.ក. ខេត្តស្វាយរៀងបានផ្តួចផ្តើមរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ដែលបានគៀរគរសិល្បករ សិល្បការិនីទាំងក្នុងប្រព័ន្ធ និងក្នុងស្រទាប់មហាជនឱ្យដាក់ពាក្យធ្វើការប្រកួតប្រជែង យ៉ាងស្វិតស្វាញអស់រយៈពេលជាង ៦ ខែ។ ជាងនេះទៀត ក្រុមដែលត្រូវបានជ្រើសរើស ក្នុងវគ្គជម្រុះក៏បានទទួលបានឱកាសបង្វឹកពីសំណាក់ សាស្រ្តាចារ្យ ព្រឹទ្ធាចារ្យសិល្បៈដែលមានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យសិល្បៈបូរាណផងដែរ។
ឆ្លងកាត់ការប្រកួត វគ្គជម្រុះ និងការហ្វឹកហាត់ដ៏ស្វិតស្វាញរយៈពេលជិត ៦ ខែ ឥលូវនេះ យើងបានរកឃើញក្រុមដែលគ្រងតំណែងជើងឯក និងជើងឯករងទាំង២ហើយ ដែលក្នុងនោះ ជ័យលាភីទី១ បានទៅក្រុមសិល្បៈយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ទី២ ក្រុមសិល្បៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងទី៣ ក្រុម «ខ្ញុំស្រលាញ់វប្បធម៌» ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ៕
ដោយ : សិលា