ខេត្តកែប៖ លោកបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប រួមដំណើរដោយ លោកស្រី ស ម៉ាលីដា អនុប្រធានកិត្តិយសសាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៧គ្រួសារ ស្ថិតនៅឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណ សាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករលឹកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង ។
អំណោយដែលបានផ្តល់ជូននាឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកសុីអុីវ១យួរ សង្ក័សីផ្តល់ជូនទៅតាមទំហំនៃការខូចខាតរបស់គ្រួសារនីមួយៗ សរុបមានចំនួន ២៣៩សន្លឹក និងថវិកាមួយចំនួនផងដែរ៕ ដោយ៖សហការី