ភ្នំពេញ : ទោះផ្ទះខ្ទមជាជម្រក បាំងប្រក់ដោយស័ង្កសី រស់នៅដាច់ស្រយាល ពីគេក្នុងជីវភាព ក្រខ្សត់ លំបាក ជាមួយជីដូន ប្រើកម្លាំងពលកម្ម ហត់នឿយយ៉ាងណាក៏ដោយ ក៏យុវតី ភាព ស្រីណាក់ បានតស៊ូ រៀនសូត្រ ក្រេបយកចំណេះដឹង ឈានដល់សម្រេចគោលដៅ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២១-២០២២ បានលទ្ធផល សិស្សពូកែ និទ្ទេស A គួរអោយស្ញប់ស្ញែង ពីការខិតខំប្រឹងប្រែងរបស់ យុវតីដ៏កម្សត់រូបនេះ ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដែលបានដឹកនាំក្រុមការងារចុះទៅដល់ផ្ទះយុវតីផ្ទាល់ បានមានប្រសាសន៍ថា, ក្មួយស្រី ភាព ស្រីណាក់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន តាមរោងការ រោងបុណ្យ ក្មួយរៀនផង សុីឈ្នួលលាងម៉ូតូផង ផ្សំចំណូលគ្រួសារជាមួយលោកយាយ តែក្មួយរៀនពូកែណាស់ ប្រឡងបាននិទ្ទេស A ។
លោកអភិបាល បានបញ្ជាក់ថា, ក្មួយចង់ធ្វេីគ្រូបង្រៀន សូមអោយអនាគតក្មួយទទួលបានជោគជ័យ នៅ វាលរេញ ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះសារលើ facebook ផ្លូវការថា, ខ្ញុំសូមអបអរសាទរ យុវតី ភាព ស្រីណាក់ មកពីវិទ្យាល័យ ហ៊ុន សែន វាលរេញ នៃខេត្តព្រះសីហនុ បានទទួលចំណាត់ថ្នាក់និទ្ទេស A លំដាប់ពិន្ទុ ៩៩.២២៧ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២។
សូមប្អូនទទួលបានជោគជ័យក្នុងការបន្តការសិក្សា និងជីវិត។
#សសយក #ក្រុមការងាររាជរដ្ឋាភិបាល #ក្រុមការងារគណបក្សប្រជាជន ៕
ដោយ : សិលា