ខេត្តស្វាយរៀង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាង ក្នុងករណីងចោរកម្មនៅភូមិត្របែក ឃុំស្វាយជ្រំ ។
របាយការណ៍ដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រំ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ក្នុងប្រតិបត្តិការបង្ក្រាប នឹងឃាត់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ ០២គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, ទឹកផ្លែឈើ និងស្រាបៀចំនួន៥៩កេស និងអីវ៉ាន់ចាប់ហួយមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖សហការី