ជនមានពិការភាពនឹងទទួលបានផលប្រយោជន៍បន្ថែមពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា ជនមានពិការភាពនឹងទទួលបានផលប្រយោជន៍បន្ថែមពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល បន្ទាប់ពីក្រសួងវប្បធម៌បានប្រជុំពិគ្រោះយោបល់។

ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងៗ ដែលអាចចែកជូននិងប្រើប្រាស់ដល់ជនមានពិការភាព និងការបោះពុម្ភផ្សេងៗទៀតដែលតម្រូវដោយសន្ធិសញ្ញាម៉ារ៉ាកេសឆ្នាំ២០១៣។

លោក ឯម ច័ន្ទមករា បានថ្លែងបែបនេះក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ ថា សិក្ខាសាលានេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការការពារនូវផលិតផលវប្បធម៌ ដែលជាស្នាដៃរបស់អ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។

លោកបានឱ្យដឹងថា ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនេះ មានការអនុញ្ញាតឱ្យមានការផលិតទម្រង់ផ្សេងៗ ដែលអាចចែកជូននិងប្រើប្រាស់ ដល់ជនមានពិការភាពភ្នែក គថ្លង់ និងការបោះពុម្ភផ្សេងៗទៀត ដែលតម្រូវដោយសន្ធិសញ្ញាម៉ារ៉ាកេសឆ្នាំ២០១៣ ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ភស្នាដៃ សម្រាប់ជនមានពិការភាពភ្នែក ជនបាត់បង់សមត្ថភាពចក្ខុទស្សន៍ ឬជនមានពិការភាពការបោះពុម្ភដទៃទៀត។

កម្មវិធីនេះក៏មានការចូលរួមពី លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ផងដែរ។

បើតាម លោក ឯម ច័ន្ទមករា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កឱកាសចូលរួមដោយសមភាពក្នុងសកម្មភាពសង្គម ដោយជំរុញការផលិតនិងបោះពុម្ភឯកសារ ឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព និងបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សរប្រៃយ៍ (អក្សរស្ទាប) អក្សរពុម្ភធំ សំឡេងឱ្យបានទូលំទូលាយ ដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញមតិយោបល់ និងការទទួលបានព័ត៌មានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ សំដៅលើកកម្ពស់នូវសិទ្ធិទទួលបានការអប់រំនិងឱកាសធ្វើការស្រាវជ្រាវ។

បន្ថែមពីនេះ ការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការបញ្ចូលនូវមាត្រាមួយចំនួន នៃសន្ធិសញ្ញាម៉ារ៉ាកេសឆ្នាំ២០១៣ ទៅក្នុងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ស្តីពីការផលិតឡើងវិញសម្រាប់ជនមានពិការភាពភ្នែកនិងគថ្លង់ គឺពិតជាមានសារៈសំខាន់បំផុត ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពភ្នែក ជនបាត់បង់សមត្ថភាពចក្ខុទស្សន៍។

គួរឱ្យដឹងដែលថា សន្ធិសញ្ញាម៉ារ៉ាកេស មានគោលបំណងធ្វើឱ្យប្រសើរឡើង លើការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពការបោះពុម្ព ដោយលុបបំបាត់នូវឧបសគ្គផ្នែកច្បាប់ពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធនៅថ្នាក់ជាតិ និងអន្តរជាតិ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print