ទីតាំងទាហានអាកាស Engels ស្ថិតនៅក្នុងតំបន់ Saratov របស់រុស្ស៊ី រងការវាយប្រហារ ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារនោះមិនបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយោធានោះឡើយ ។ ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី២៦ខែធ្នូ ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា បុគ្គលិកយោធាចំនួន៣នាក់ បានស្លាប់ដោយសារបំណែកនៃយន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលធ្លាក់លើមូលដ្ឋានយោធាក្នុងតំបន់ សារ៉ាតូវ (Saratov) របស់ប្រទេសរុស្ស៉ី។
ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ីបានរាយការណ៍ថា «នៅថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ០១និង៣៥នាទីរំលងអធ្រាត្រ (ម៉ោងមូស្គូ) យន្តហោះដ្រូនរបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នៅរយៈកម្ពស់ទាប នៅពេលដែលវាចូលទៅជិតមូលដ្ឋានទ័ពអាកាសអេនជែល (Engels) ក្នុងតំបន់សារ៉ាតូវ»។
ក្រសួងការពារជាតិរុស្ស៉ី បានបន្ថែមថា «ជាលទ្ធផលពីការធ្លាក់នៃបំណែកយន្តហោះដ្រូនខាងលើនេះ ទាហានផ្នែកបច្ចេកទេសរុស្ស៊ី ៣នាក់បានបាត់បង់ជីវិត។ ប៉ុន្តែពុំបានធ្វើឱ្យខូចខាតដល់យន្តហោះឬឧបករណ៍យន្តហោះណាមួយឡើយ»។
មូលដ្ឋានទ័ពអាកាស Engels ដែលស្ថិតនៅចម្ងាយប្រហែល ៧៣០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ក៏ធ្លាប់បានរងនូវការវាយប្រហារកាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅផងដែរ ដោយរុស្ស៉ីចាត់ទុកថា គឺជាការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : Maxar