ខេត្តសៀមរាប៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណ ៣០គ្រាប់ នៅជនបទដាច់ស្រយ៉ាលមួយក្នុងស្រុកជីក្រែង ខេត្ដសៀមរាប ត្រូវបានពលរដ្ឋភ្ជួរដីដាំដំឡូងបានប្រទះឃើញ ខណៈពលរដ្ឋរូបនោះភ្ជូដីដាំដំឡូងក្នុងចំការ រួចហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ហេតុការណ៍ប្រទះឃើញនេះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងជើងភ្នំខ្សាកភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនារសៀលថ្ងៃទី០២ នេះថា ម្ចាស់ចំការមានឈ្មោះ ញ៉ូវ ព្រិច ភេទប្រុស នៅភូមិខ្វាវ ឃុំខ្វាវបានទៅភ្ជួរដីដាំដំឡូងនៅចំណុចខាងជើងភ្នំខ្សាកភូមិសាស្ត្រឃុំខ្វាវបានប្រទះឃើញគ្រាប់ចំនួន ៣០គ្រាប់មាន គ្រាប់B៤០កន្លះចំនួន២១គ្រាប់ និងគ្រាប់៦២ចំនួន៩គ្រាប់ ស្ថិតនៅក្នុងចំការដំឡូងមានទីតាំងនៅខាងលើ។គ្រាប់ទាំងនោះបានបន្សល់ទុកពីសម័យសង្គ្រាម ហើយអង្គភាពស៊ីម៉ាក់បានប្រមូលយកទៅកំទេចចោល។
លោកបន្តថា តាមការសាកសួរម្ចាស់ចំការបានប្រាប់ថា ចំការរបស់គាត់មិនដែលធ្វើនោះទេគាត់ទុកចោលតាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយនៅពេលភ្ជួរស្រាប់តែប្រទះឃើញគ្រាប់ជាច្រើនតែម្តង។ ទោះជាយ៉ាងណា ការភ្ជួរដីដាំឡូងហើយប្រទះឃើញគ្រាប់នេះមិនបណ្ដាឲ្យគ្រោះថ្នាក់ដល់ម្ចាស់ចំការនោះទេ។
លោកបន្ថែមថា បច្ចុប្បន្នខាងអង្គភាពសីុម៉ាក់បានចុះមកប្រមូលដើម្បីយកទៅកំទេចចោល៕
ដោយ៖ ជានិរន្ដរ៍