ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងពិធីនេះ លោក នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្ដីរាយការណ៍សង្ខេបជូន សម្តេចក្រឡាហោម ស ខេង និងអង្គពិធីឱ្យបានជ្រាប ថា ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញផែនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកងកម្លាំងនគរបាលជាតិ ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងសកម្ម និងបានឧបត្ថម្ភជាបន្ដបន្ទាប់ ដើម្បីជំរុញវឌ្ឍនៈភាពនៃបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យមានលក្ខណៈសម្បត្តិសមស្រប ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ប្រកបដោយគុណភាព សមត្ថភាព ជំនាញ វីជ្ជាជីវៈ និងសីសធម៌ល្អ ជាដើម ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំងនគរបាល និងសភាពការណ៍សន្ដិសុខជាតិ និងអន្ដរជាតិ។
លោកនាយឧត្តមសេនីយ៍ បន្ដថា ផ្អែកលើបញ្ហាខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់មន្ដ្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងទៅនឹងជំនាញវីជ្ជាជីវៈនគរបាល ហើយរហូតមកដល់ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលនេះបានចំនួន២ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមសរុប ៣០៣នាក់ ក្នុងនោះ នារី ២១នាក់ ខណៈបណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្ដបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ បន្ដទៀត ដែលគ្រោងនឹងចាប់ផ្ដើមនៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកនាយឧត្តមសេនីយ៍ បន្ថែមថា ដូច្នេះការដាក់ឱ្យដំណើរការ នៃវគ្គសិក្សាទាំងពីរជំនាន់នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមកម្មវិធីកំណែទម្រង់របស់ខ្លួន និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថិភាពកងកម្លាំងនគរបាលជាតិ តាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវបំផុត។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ទាក់ទងទៅនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម បានថ្លែងការកោតសរសើរចំពោះសិក្ខាកាមដែលទទួលជ័យលាភីទាំងអស់ បានចូលរួមសិក្សាក្នុងវគ្គសុក្រឹតការដ៏មានសារៈសំខាន់នេះ តាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបានយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អ ព្រមទាំងទទួលបានជោគជ័យយ៉ាងត្រចះត្រង់ តាមកម្មវិធីសិក្សាដែលបានកំណត់ផងដែរ។
លើសពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា ជាការពិតណាស់ ក្នុងយុគសម័យនៃវិទ្យាសាស្ដ្រ និងបច្ចេកទេសកំពុងរីកចម្រើន នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ នៅផែនការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ក្នុងពេលបំពេញភារៈកិច្ចស្នូលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ឱ្យដឹងថា ដោយសារបញ្ហាកូវីដ-១៩ បានខកខានក្នុងការបើកវគ្គបណ្ដុះបណ្ដាលខ្លះៗ ប៉ុន្ដែនៅពេលកូវីដ-១៩ មានការធូរស្រាល ក្រសួងមហាផ្ទៃ ក៏បានចាប់យកនូវការងារបណ្ដុះបណ្ដាលនេះត្រឡប់មកវិញ ហើយបានចាប់ផ្ដើមបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ជាពិសេសផងដែរទាក់ទងទៅនឹងមន្ដ្រីនគរបាលជាតិ ដែលផ្ទេរពីមន្ដ្រីរាជការស៊ីវិល មកជួរកងកម្លាំងនគរបាលជាតិ ដែលមិនទាន់បានសិក្សារៀនសូត្រផ្នែកនគរបាលជាតិ។
គួរបញ្ជាក់ថា វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២នេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលក្នុងមុខតំណែង ដើម្បីលើកម្ពស់ប្រសិទ្ធភាពតាមតួនាទីអង្គភាពនរគបាលនីមួយៗ។ លើសពីនេះ វគ្គនេះ ក៏មានសារៈសំខាន់សម្រាប់សិក្ខាកាមទាំងអស់ ព្រោះកម្មវិធីបណ្តុះបណ្តាលនេះបានតម្រង់ទិសក្នុងការបំពេញតួនាទី ភារកិច្ចទាំងពេលបច្ចុប្បន្ន
និងពេលអនាគត។ ថ្វីដ្បិតតែវគ្គបណ្តុះបណ្តាលនេះ មានរយៈពេលខ្លីក៏ពិតមែន តែចំពោះខ្លឹមសារ នៃការបណ្តុះបណ្តាល ត្រូវបានសម្រឹតសម្រាំងល្អៗ ដើម្បីបំពេញរាល់ចំណេះដឹង លើចំណេះដឹង និងជំនាញដែលសិក្ខាកាមមានស្រាប់៕
ដោយ៖ សហការី