ភ្នំពេញ៖ យោងតាមតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុញ្ញាតឱ្យកងកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការហាត់សមរួមគ្នាជាមួយនឹងកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅវិមានឈ្នះ ឈ្នះ កម្លាំងនគរបាលជាតិ នឹងកងយោធពលខេមរភូមិន្ទ រួមមាន ៖
១-កម្លាំងនគរបាលជាតិ ចំនួន ០២ផែន ។
២-កងយោធពលខេមរភូមិន្ទ ចំនួន ១៧ផែន ។
សូមបញ្ជាក់ថា ការហាត់សមរួមគ្នារបស់កម្លាំងទាំង២ ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងខួបលើកទី៤ នៃការដាក់ឱ្យដំណើរការជាសាធារណៈ នៃវិមាន ឈ្នះ ឈ្នះនេះដែរ នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖សហការី