ភ្នំពេញ ៖ យុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកំពុងឈប់ស្តុប ពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ២៧ ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ កូ វាន់ ណូយ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរបើកបររថយន្តដឹកឥដ្ឋការ៉ូ ស្នាក់នៅកន្លែងធ្វើការម្ដុំវត្តឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិត្រពាំងលើ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ(ជាអ្នកបើកម៉ូតូ)។ចំណែកជនរងគ្រោះដែររងរបួសធ្ងន់មានឈ្មោះ គុណ ភេទប្រុស អាយុ ប្រហែល ២០ ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅឯខេត្តពោធិ៍សាត់(អ្នករួមដំណើរ)។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត សាំយ៉ុង មួយគ្រឿង ពណ៌សំបកឪឡឹក មិនចាំផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់ចាំភ្លើងស្តុប ស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់NEX-II ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខតាកែវ1T-5048 ឌុបគ្នាមកពីក្រោយ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់បោកក្បាលស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។ ភ្លាមនោះអ្នកបរររថយន្តឃើញសភាពមិនស្រួលក៏បានបើករថយន្តបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍បានចុះមកដល់ធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ