ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះ បានជិះម៉ូតូ១គ្រឿង មកកាងរថយន្តធុនធំដឹកទំនិញប្រភេទ២តោនកន្លះ មួយគ្រឿងដែលបើកចូលក្រុង ទាំងបំពានសារចរាចរណែនាំរបស់សាលារាជធានីភ្នំពេញ ដោយហាមមិនឲ្យរថយន្តធុនធំបើកចូលក្រុងនៅពេលថ្ងៃ ហើយត្រូវប្រជាការពារខណ្ឌឃាត់ ពីព្រោះតែហួសម៉ោងកំណត់ ភ្លាមនោះស្រាប់តែក្រុមជនដៃដល់ បានមកចេញអន្តរាគមន៍មិនឲ្យយករថយន្តទៅខណ្ឌនោះទេ រួចក៏ដកកាំភ្លើងគំរាមគេឯងបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។
ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧ និង២០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខប្រេងឥន្ទនៈតេលា ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ព្រុំទល់ខណ្ឌឫស្សីកែវ និងខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា បុរសដែលដកកាំភ្លើងគំរាមប្រជាការពារខាងលើនេះឈ្មោះ ឈុំ ពិឆៃ អាយុ៣០ឆ្នាំ មុខរបរជាមន្រ្តីយោធា ខាងបើករថយន្ត ស្នាក់នៅផ្ទះលេខ៩១ ផ្លូវបេតុង សង្កាត់ពងទឹក ខណ្ឌដង្កៅ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុជនដៃដល់និងវត្ថុតាំងខាងលើនេះ ត្រូវមន្ត្រីកងអាវុធហត្ថ បញ្ចូនទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ នឹងបានបញ្ជាក់ថាកាំភ្លើងដែលដកហូតបាននោះ ជាកាំភ្លើងជ័រនោះទេ ៕
ដោយ៖ ស ដារ៉ា