ភ្នំពេញ៖ តោះអ្នកណាខ្លះមិនទាន់ស្គាល់ពីសារៈសំខាន់ និងផលប្រយោជន៍ នៃរំដេងព្រៃ (wild ginger) វាគឺជាឱសថ ដែលអាចព្យាបាលរោគឆ្អល់ពោះ ឬហើមពោះក្រោយពេលស្រ្តីៗសម្រាលកូនរួច។
ជាក់ស្ដែងបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៨ ខែធ្នូ ឆ្នាំ២០២២នេះថា៖ តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា និងជីវៈចម្រុះនៅកម្ពុជា រំដេងព្រៃ (wild ginger) ដើមមានកម្ពស់ ០,៦០-២ម មើមរាងមូលវែងមិនសូវបែកខ្នែង ស្លឹកវែង ២០-៣០x១-៥ស.ម។ ផ្កាជាចង្កោម នៅចុងដើម។ ផ្កាមានទងខ្លីៗ ត្របកផ្កាពណ៌បៃតងខ្ចី រាងជាបំពងមានធ្មេញ៣ ស្រទាប់ផ្កាស ឬខៀវខ្ចីលាយបៃតង។ ស្រទាប់ធំពណ៌ស មានឆ្នូតពណ៌ក្រហម។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា កេសរឈ្មោលមានពណ៌លឿង។ ផ្លែរាងមូលពណ៌បៃតងទៅជាក្រហមដល់ស្ងួត ហើយមានរាងទ្រវែង។ គ្រាប់មាន ៣-៥ ក្លិនក្រអូប។ មើមមានក្លិនឈ្ងុយប្រហើរ និងរសជាតិហឹរ មានជាតិប្រេងសំខាន់ៗជាច្រើន។ ផ្លែអាចយកទៅបរិភោគបាន។ ដុះតំបន់មានអាកាសធាតុក្តៅ នៅដីសើម។
គួរជម្រាបថា ចំពោះការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ
_ ឱសថ គេយកមើម និងស្លឹកថ្មីៗ មកដាំទឹកព្យាបាលរោគឆ្អល់ពោះ ឬហើមពោះក្រោយពេលសម្រាលកូន៕ដោយ៖សហការី