ខេត្តបាត់ដំបង៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកឯកភ្នំ បានចុះសហការបង្រ្កាបករណីនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តឃុំកោះជីវាំង ជាក់ស្ដែងដោយដកហូតវត្ថុតាងមួយចំនួនយកមកដុតកម្ទេចចោលនៅនិងកន្លែង។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ដែលមានលោក ម៉ិល សុផល ជាប្រធាន ចុះអនុវត្តបង្រ្កាបករណីនេសាទដោយខុសច្បាប់នៅចំណុចបឹងរពាក់ នឹងចំណុចបឹងរហាលឆពារអតីតឡូតិ៍នេសាទលេខ០៤ ស្ថិតនៅក្នុងភូមិថ្វាងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ ចាប់ពីវេលាម៉ោង០៨ព្រឹក រហូតដល់ម៉ោង១៦និង៣០នាទីរសៀល។
របាយការណ៍ដដែលបន្តថា ជាលទ្ធផល គឺបង្ក្រាបបានសាច់មងប្រវែង៤,១០០ម៉ែត្រ បង្គោលឈេីចំនួន៣០០ដើមក្បាលឡុកចាប់ត្រីចំនួន១១ឡុក អាំងវឺទរ័ឆក់ត្រីInverterចំនួន០១គ្រឿង ដងឆក់ចំនួន០១គួរនិងបានប្រលេងត្រីចំរុះទៅក្នុងបឹងធម្មជាតិវិញចំនួន២៥០គីឡូក្រាម។ ចំណែកសម្ភារៈល្មេីសច្បាប់ខាងលើត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែងផងដែរ៕ ដោយ៖សហការី