ភ្នំពេញ : លិខិតជូនពរ សូបគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ នឹងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវអំណរសាទរនិងសូមចូលរួមជូននូវស័ព្ទ សាធុការពរជ័យ គោរពជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវគារវកិច្ចដ៏ស្មោះស្ម័គ្រចំពោះគំរូ វីរភាពដឹកនាំរបស់ សម្តេចតជោនាយករដ្ឋមន្ត្រី ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបានខិតខំពុះពារ ជម្នះរាល់ឧបសគ្គ បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ សម្តេចតេជានាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចំនួន ១៦ ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ទាំងលើទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ ដែលនេះ ពិតជាបានបង្ហាញឱ្យឃើញ កាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលនៃ “សន្តិភាព” និងអ្វីដែលជា “កម្ពុជាពិត” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចតជោនាយករដ្ឋមន្ត្រី ស័ក្តិសមបំផុតទៅនឹងការទទួលបានពានរង្វាន់ “សមិទ្ធផល ពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូន សម្តេចតេជានាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន សមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ : សហការី