ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត និងដំណើរការចង្វាក់ផលិតកម្មរបស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ។
រដ្ឋបាលខេត្តព្រះសីហនុ បានបន្ដថា ក្នុងដំណើរចុះពិនិត្យនោះ លោក គួច ចំរើន បានចុះទៅគម្រោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត ដែលកំពុងសាងសង់លើផ្ទៃដី ២៨ហិកតា ជំហ៊ានទី១ សាងសង់លើផ្ទៃដី ១០ហិកតា សាងសង់បាន៦០ភាគរយ និងតំឡើងមាស៊ីនបាន ៥ភាគរយ បំពាក់ម៉ាស៊ីន ៥ជួរ ក្នុងនោះ ៣ជួរជាម៉ាស៊ីនស្វ័យប្រវត្តិមិនចាំបាច់ប្រើមនុស្ស និង ២ជួរផ្សេងទៀត ប្រើប្រាស់កម្លាំងពលកម្ម រោងចក្រត្រូវ ការកម្លាំងពលកម្មចំនួន១៥០០នាក់ ដំណាក់កាលតំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចប្រើពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡាណធំអាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល ៦០វិនាទី។
ចំពោះការប្រើប្រាស់វត្ថុធាតុដើម កៅស៊ូ ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃនិងម៉ាឡេស៊ី។ បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក។
ដំណើរបន្ទាប់លោកអភិបាលខេត្ត ក៏បានទៅពិនិត្យរោងចក្រផលិតបន្ទះសូឡា និងបន្តទៅពិនិត្យមើលរោងចក្រផលិតគ្រឿងសង្ហារឹម។
ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់រោងចក្រ ដែលបានជួយសម្របសម្រួលឱ្យក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តចុះពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី សូឡា និង រោងចក្រផលិតគ្រឿងសង្ហារឹមនៅក្នុងតំបន់សេដ្ឋកិច្ច។
លោកអភិបាលខេត្ត បានថ្លែងជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារនៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។ ជាក់ស្តែងដូចជាអ្នកដាំកៅស៊ូនៅកម្ពុជា នៅពេលមានរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់ ៣០០តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រ ដូច្នេះមិនចង់ឱ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជាជាប្រទេសកសិកម្ម យើងមានសក្តានុពល ហើយទឹកដីមួយចំនួនត្រូវធ្វើ ការកែប្រែស្ថានភាពពីធ្វើស្រែ ដីមកជាការដាំដុះកៅស៊ូ។
លោកអភិបាលខេត្ត បានបន្តថា រោងចក្រផលិតកង់ឡាន ផលិតផលសូឡា សុទ្ធតែប្រើដោយរ៉ូបូត គ្រាន់តែតម្រូវការនៃប្រទេសនីមួយៗមានភាពខុសគ្នាលទ្ធកម្មផ្គត់ផ្គង់ទៅតាមលទ្ធភាព និង សមត្ថភាពដែលអាចធ្វើទៅបាន។ ការផលិតរបស់សុទ្ធសឹងតែនាំទៅអឺរ៉ុប និងអាមេរិក ទោះបីជាប្រទេសទំនើបក៏នៅតែត្រូវការ ផលិតផលពីកម្ពុជា យើងក៏ត្រូវការផលិតផលរបស់គេត្រឡប់មកវិញផងដែរ គឺជាផលិតផលបំពេញបន្ថែម៕ដោយ៖សហការី