ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar” Gel គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar® Gel មានលេខប្រវេទន៍ CAM06822CN-21 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមាន បិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរណ នីហរណ ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល – សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើ ជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលគ្រឿងសម្អាងក្លែងក្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងជន ពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕
ដោយ៖សហការី