ខេត្តបាត់ដំបង៖ អាជីវករ និងកម្មករខ្មែរច្រើនរយនាក់ ដែលប្រកបមុខរបរលក់ដូរក្នុងផ្សារថៃ ខៅឌីន (ភ្នំដី) និងប្រកបរបរអូសរទះដឹកទំនិញឆ្លងកាត់ច្រកតំបន់ភ្នំដី ស្ថិតក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ឈម នឹងស្រុកសំពៅលូនខេត្តបាត់ដំបង បាននាំគ្នាត្អូញត្អែ និងប៉ះពាល់សន្តិអារម្មណ៍ពួកគាត់ជាខ្លាំង ខណៈដែលពួកគាត់ចំណាយពេលវេលាឈរច្រើនម៉ោងនៅពេលព្រឹកបង្កកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ដើម្បីរងចាំឱ្យទាហាថៃមកបើកទ្វារច្រកចូលទៅប្រកបមុខរបរគ្រាដែលគេមើលឃើញថា ទាហានថៃហាក់បីដូចជាមើលស្រាលមកលើកម្មករនិងអាជីវករខ្មែរ បើកច្រកទ្វារមិនគោរពពេលវេលា នឹកឃើញបើកច្រកតាមតែអំពើចិត្ត ។ ទោះបីអាជីវករ និងកម្មករខ្មែរឈររងចាំត្រៀបត្រាកកស្ទះបែបណាក៏ក្រុមទាហានថៃមិនខ្វល់នោះឡើយ ។
ការបើកទ្វារច្រកមិនគោរពេលវេលា និងធ្វើតាមតែអំពើចិត្តរបស់ទាហានថៃបែបនោះ បានបង្កឱ្យអាជីវករ និងកម្មករខ្មែរ ខាតពេលវេលានិងខាតបង់ក្នុងការប្រកបមុខរបរទទួលទាន ចិញ្ចឹមជីវិតជាខ្លាំង ។
អាជីវករខ្មែរបានប្រាប់ឱ្យដឹងថា រៀងរាល់ព្រឹកទៀបភ្លឺ ពួកគាត់តែងតែឈរត្រៀបត្រាមាត់ច្រក រង់ចាំទាហានថៃ បើកទ្វារដើម្បីចូលផ្សារថៃ ប៉ុន្តែទាហានថៃបើកទ្វារច្រកមិនគោរពពេលវេលានោះឡើយ ថ្ងៃណាទាហានថៃសប្បាយចិត្ត គេបើកឱ្យចូលពីព្រឹកបន្តិច បើថ្ងៃណាមិនសប្បាយចិត្ត គេទុកអូសបន្លាយពេលរហូតដល់៩ព្រឹក ក៏មានផងដែរ ។
បងប្អូនអាជីវករ និងកម្មករខ្មែរ ក៏ធ្វើការសំណូមពរឱ្យអាជ្ញាធរកម្ពុជា ជាពិសេសមត្ថកិច្ច កម្ពុជាជាច្រើនស្ថាប័នឈរជើងនៅមាត់ច្រកទ្វារតំបន់ភ្នំដី មេត្តាកុំគិតផលប្រយោជន៍អស់លោកខ្លាំងពេក រួមមានគយ កាំកុងត្រូល ទំនាក់ទំនងព្រំដែន នគរបាលការពារព្រំដែន និងតំណាងរដ្ឋបាលខេត្តបាត់ដំបង ត្រូវមើលពីការលំបាករបស់ពលរដ្ឋខ្មែរផង គួរណាស់បើកកិច្ចប្រជុំជាមួយភាគីថៃ ឱ្យមានការបើកច្រកទ្វារបានលឿនបន្តិច និងកំណត់ពេលវេលាច្បាស់លាស់ ដើម្បីសម្រួលការលំបាកនៃការប្រកបមុខរបររបស់ពលរដ្ឋខ្មែរ ។
ពាក់ព័ន្ធនិងបញ្ហានេះ លោក ហម សំខាន់ ប្រធានគណៈកម្មការច្រកតំបន់ភ្នំដី បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ថា កន្លងមករវាងភាគីកម្ពុជា និងថៃ បានប្រជុំឯកភាពគ្នាបើកច្រកទ្វារនៅរៀងរាល់វេលាម៉ោង៧ព្រឹក ។ដោយឡែកសម្រាប់ការបើកច្រកខុសពេលវេលា នោះ លោកមើលឃើញថាហាក់បីជាមានការខុសឆ្គងតិចតួចប៉ុណ្ណោះ ភាគច្រើនភាគីថៃ គេ សម្រួលកិច្ចការងារបានរលូនល្អ ។
លោកប្រាប់ឱ្យដឹងទៀតថា ការបើកច្រកមានការយឺតយ៉ាវខ្លាច ចំថ្ងៃភាគីថៃគេអត់សប្បាយចិត្ត ។ ការបើកយឺតពេលនោះដែរ កន្លងមកមានតែរកណីមួយគត់ គឺការនាំសត្វជ្រូកចូលដឹកតាមរថយន្ត កន្លងមកធ្លាប់ប្រជុំពិភាក្សាជាមួយភាគីថៃ ឱ្យរថយន្តដឹកជ្រូកចូលម៉ោង៩ព្រឹក ក្រោយមកថៃមិនអនុវត្តតាមនោះឡើយ ។
ពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋខ្មែរឱ្យមានការបើកច្រកទ្វារឱ្យបានលឿនបន្តិច លោកនិងយកទៅរាយការណ៍ថ្នាក់លើដើម្បីពិនិត្យសម្រេចក្នុង ការបើកកិច្ចប្រជុំដោះស្រាយជាមួយភាគីថៃ ។
សូមបញ្ជាក់ថាការទំនាក់ទំនងរវាងកម្ពុជា -ថៃជាពិសេសរវាងថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថៃ រហូតថ្នាក់ដឹកនាំភូមិភាគ តំបន់ ក្នុងរយៈពេលចុងក្រោយនេះ គេមើលឃើញថាហាក់បីមានការទំនាក់ទំនងល្អប្រសើរប្រកបដោយបរិយាកាសល្អ ។ ប៉ុន្តែពេលខ្លះភាគីថៃមិនបានអនុវត្តត្រឹមត្រូវតាមអ្វីជាគោលការច្បាប់កិច្ចប្រជុំពិភាក្សារវាងភាគីទាំងពីរនោះទេ ។ ជូនកាលភាគីថៃនិយាយនិងមាត់ បែរជាយកជើងទៅជាន់ឈ្លីទៅវិញ ។
នៅច្រកតំបន់ភ្នំដី ជាច្រកសំខាន់មួយដែលភាគីកម្ពុជា និងថៃ ព្រមព្រៀងឯកភាពគ្នាបើកច្រកអន្តរជាតិនៅពេលខាងមុខ ។ បច្ចុប្បន្ននេះគេសង្កេតឃើញ ទំនិញថៃនាំចូលប្រទេសកម្ពុជាយ៉ាងគគ្រឹគគ្រេងធូរលុង មិនសូវមានការ ត្រួតពិនិត្យច្បាស់លាស់ពីសមត្ថកិច្ចឈរជើងនៅច្រកមួយនេះនោះទេ ។ ចំណែកភាគីថៃវិញ បើខ្មែរយើងនាំស្ករសចូលផ្សារថៃ លើសពីមួយការ៉ុងគឺគយថៃចាប់តែម្តង មិនតែប៉ុណ្ណោះនាំផ្លែស្វាយដឹកតាមរទះចូលថៃនោះដែរ ក៏គេត្រួតពិនិត្យយ៉ាងដិតដល់ផងនោះទៀត គឺមិនធូរលុង ដូចសមត្ថកិច្ចខ្មែរឈរជើងនៅច្រកនោះឡើយ ៕
ដោយ៖ សំ វិច្ឆិកា