ខេត្តត្បូងឃ្មុំ៖ ប្រជាកសិករខេត្តត្បូងឃ្មុំ កំពុងសម្រុកប្រមូលផលស្រូវរដូវវស្សា ដំណាក់កាលចុងក្រោយប្រចាំឆ្នាំ២០២២ សម្រេចបាននៅលើផ្ទៃដីទំហំសរុប ៧៦.៤៣០ ហិកតា។
ប្រជាកសិករនៅស្រុកត្បូងឃ្មុំហាក់ដូចជាសប្បាយ រីក រាយបន្តិចផងដែរចំពោះផលស្រូវដែលទទួលបាននៅឆ្នាំនេះនិងតម្លៃក៏សមរម្យ។ ពួកគាត់និយាយស្រដៀងគ្នាថា តម្លៃស្រូវឆ្នាំនេះគឺសមរម្យដែលអាចទទួលយកបានពោលគឺមិនថោកពេកទេ។ យ៉ាងណាក៏ដោយពួកគាត់ស្នើសុំឲ្យស្ថាប័នជំនាញជួយពង្រឹងបញ្ហាតម្លៃឲ្យមានស្ថេរភាពជូនប្រជាកសិករផង។
ប្រជាកសិករនៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងតែប្រមូលផលស្រូវរដូវវស្សា ដំណាក់កាលចុងក្រោយ បានឲ្យដឹងថា គាត់បានបង្កបង្កើនផលប្រភេទស្រូវ រំដួលសៀមរាប ដែលជាប្រភេទអង្ករបាយទន់ក្រអូបឆ្ងាញ់ ដូចគ្នានឹងស្រូវផ្ការំដួល ផ្កាម្លិះ ផ្កាខ្ញី ដែរ។
កសិករឃុំគរខាងលើនេះបានបន្តថា ប្រភេទស្រូវរំដួលសៀមរាបនេះ ហាលស្ងួតលក់បានតម្លៃតែ ៨០០ រៀលទេក្នុងក្នុង១គីឡូក្រាម មានថៅកែជាឈ្មួញកណ្ដាល គេមកទទួលទិញដល់ក្នុងភូមិតែម្ដង មិនពិបាកដឹកជញ្ជូនទៅរកទីផ្សារឆ្ងាយនោះទេ ហើយឈ្មួញ គេដឹកយកទៅលក់បន្តនៅប្រទេសជិតខាងគឺប្រទេសវៀតណាម។
បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្រូវរដូវវស្សាឆ្នាំ២០២២នេះ កសិករដាំដុះនៅលើផ្ទៃដីសរុបទំហំ ៧៦.៤៣០ ហិកតា ក្នុងនោះស្រូវ ស្រាល ៨.៩៧៥ហិកតាដែលទទួលទិន្នផល ៤,៥២ តោន ក្នុងផ្ទៃដី១ហិកតា ស្មើនឹង ៧៤,០៥% ស្រូវកណ្តាល ៩.៩៥០ ហិកតា ទិន្នផល ៣,៥៣ តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៣៣,៩៤% ស្រូវធ្ងន់ ៥៧.៥០៥ ហិកតា ត្រូវបានប្រមូលរួចរាល់៕ ដោយ៖ សូរិយា