ខេត្តបន្ទាយមានជ័យ ៖ មកទល់ម៉ោង ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយអគ្គិភ័យឆាបឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានផ្អាកមួយអន្លើសិន ដោយសារយប់ងងឹតពិបាករុករក និងអគារមានកម្ពស់ខ្ពស់ និងច្រើនបន្ទប់ពេក។
ប្រតិបត្តិការនឹងចាប់ផ្តើមបន្ត នៅវេលាម៉ោង៧ព្រឹកថ្ងៃស្អែកជាបន្តទៀត។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា, កម្លាំងអន្តរាគមន៍កម្ពុជា និងថៃ កំពុងដុតដៃដុតជើងធ្វើការសង្គ្រោះមនុស្សដែលជាប់គាំងក្នុងអគារបានជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍
ចំពោះអ្នករបួស ស្លាប់ និងទំហំនៃការខូចខាត នៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ ។
អភិបាលខេត្តស្រះកែវប្រទេសថៃ និងអភិបាលខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ក៏បានជួបប្រជុំក្នា ដើម្បីសហការរុករកអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ ។ ប៉ុន្តែប្រតិបត្តិការត្រូវបានសម្រាក បន្ទាប់ពីយប់មានការលំបាក ហើយនិងបន្តសកម្មភាពការងារនៅព្រឹកថ្ងៃស្អែក។
សមត្ថកិច្ចបានបញ្ជាក់ថា មានបុរសម្នាក់ស្ថិតក្នុងហេតុការណ៍គ្រោះអគ្គិភ័យ នៅជាន់ទី៩ នៃកាស៊ីណូកំពុងឆាបឆេះ បានផ្ញើសារទៅគ្រួសាររបស់ខ្លួន ដែលខណៈនេះសមត្ថកិច្ចកំពុងស្វែងរក និងជួយសង្គ្រោះ តែដល់យប់ពេកត្រូវបន្តព្រឹកស្អែក។
របាយការណ៍ក្រុមសង្គ្រោះដែលសារព័ត៌មាន ទទួលបាននៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសធ្ងន់ស្រាលជិត១០០នាក់ ៕
ដោយ : វណ្ណា