ភ្នំពេញ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងថា, ខ្ញុំពិតជាមានសេចក្តីសោកស្តាយ ក្រោយទទួលដំណឹងអំពីករណីអគ្គីភ័យឆាបឆេះកាស៊ីណូមួយកន្លែងនៃក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលបណ្ដាលឱ្យមានមនុស្សមួយចំនួនស្លាប់បាត់បង់ជីវិត ខ្លះរងរបួសធ្ងន់ធ្ងរ និងខ្លះទៀតកំពុងបាត់ខ្លួនក្នុងអគារដែរកើតហេតុ។
លោក ហ៊ុនម៉ានី បានលើកឡើងថា, បើតាមព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ មកទល់ពេលនេះ អាជ្ញាធរមូលដ្ឋាន និងក្រុមជួយសង្គ្រោះ បាន និងកំពុងបន្តរុករកជនរងគ្រោះដែលបានបាត់ខ្លួននៅក្នុងអគារកាស៊ីណូ ហើយក៏នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយពីទំហំនៃការខូចខាត និងមូលហេតុដែលបង្កឱ្យកើតមានករណីអគ្គីភ័យនេះ។
លោកបន្តថា, យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងករណីអគ្គីភ័យនេះ និងសូមឱ្យបេសកកម្មស្វែងរក និងសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុនេះទទួលបានជោគជ័យ និងទាន់ពេលវេលា។ ជាមួយគ្នានេះ សូមជូនពរឲ្យជនរងគ្រោះដែលរងរបួសធ្ងន់ ឬស្រាលទាំងអស់ ដែលកំពុងសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាល ឆាប់ជាសះស្បើយប្រសើរឡើងវិញគ្រប់ៗគ្នា ៕
ដោយ : សិលា