ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន ២ករណីផ្សេងគ្នា) កាលពីថ្ងៃទី២៩ ធ្នូម្សិលមិញ នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២២ និងនៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ពេលធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់អស់ ។
របាយការណ៍ដដែលបន្តថា ជនសង្ស័យចំនួន ០២នាក់នេះ៖ ១-ឈ្មោះ គឹម នៅស៊ីណុច ហៅ ណុច ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ និង ស្នាក់នៅ មិនពិតប្រាកដ ។ ២-ឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ និង ស្នាក់នៅ មិនពិតប្រាកដ ។ ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ ដោយ៖សហការី