សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន រំពឹងថា លោក ស៉ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៉ី ក្នុងអំឡុងរដូវផ្ការីកឆ្នាំ២០២៣។
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន នាថ្ងៃសុក្រនេះ បាននិយាយថា រូបលោករំពឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេស
រុស្ស៉ី នៅអំឡុងរដូវផ្ការីកឆ្នាំក្រោយ គឺចន្លោះខែមីនា-មិថុនា ក្នុងសកម្មភាពមួយដែលនឹងក្លាយជាការបង្ហាញចេញនូវជំហរសាមគ្គីភាពពីសំណាក់ទីក្រុងប៉េកាំងដល់ទីក្រុងមូស្គូ ចំពោះមុខសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។
អំឡុងជំនួបតាមប្រព័ន្ធវីដេអូអនឡាញនាថ្ងៃសុក្រនេះ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «ពួកយើងរំពឹងថា អ្នកដែលជាមិត្តសម្លាញ់យើងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងមូស្គូក្នុងរដូវផ្ការីកឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញឱ្យពិភពលោកបានឃើញអំពីភាពស្និទ្ធស្នាលជាខ្លាំងនៃទំនាក់ទំនងរុស្ស៉ី-ចិន»។
ក្នុងកិច្ចពិភាក្សាខ្លីត្រឹមរយៈពេលជាង១០នាទីនោះ លោក ពូទីន បានបន្ថែមថា ទំនាក់ទំនងរុស្ស៉ី-ចិន កំពុងកើនឡើងសារសំខាន់ខ្លាំងក្នុងតួនាទីជាកត្តារក្សាស្ថិរភាព ហើយរូបលោកមានគោលដៅចង់ពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៉ីជម្រៅបន្ថែមទៀត រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប លោកប្រធានាធិបតីចិនបាននិយាយថា ទីក្រុងប៉េកាំងត្រៀមលក្ខណៈជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយរុស្ស៉ីប្រឆាំងនឹងស្ថានការណ៍ដ៏លំបាកនៅលើពិភពលោក។
ទំនាក់ទំនងរវាងរុស្ស៉ីនឹងចិន ដែលភាគីទាំងពីរបានលើកតម្កើងជាដៃគូគ្មានដែនកំណត់នោះ បានប្រែក្លាយជារឿងដ៏សំខាន់ខ្លាំងមួយ ចាប់តាំងពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពឱ្យចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ស្របពេលដែលក្រុមប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃលើរុស្ស៉ី ចិនមិនបានចូលរួមជាមួយ ឬថ្កោលទោសសកម្មភាពរបស់រុស្ស៉ីឡើយ ហើយជំនួសមកវិញ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការសម្រេចឱ្យបាននូវសន្តិភាព។ ដោយឡែក ការនាំចេញថាមពលរបស់រុស្ស៉ីទៅកាន់ប្រទេសចិន បានកើនឡើងជាខ្លាំងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ដោយឥឡូវរុស្ស៉ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន៕ ដោយធីរីណា
រូបថត : TTXVN-VNA