ខេត្តក្រចេះ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស «អញ្ជើញប្រជាជនចិនមកកម្ពុជា» ដោយថានឹងផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកទេសចរណ៍ជនជាតិចិនមកកម្ពុជាឡើងវិញបន្ទាប់ពីប្រទេសនេះបើកព្រំដែនវិញ ដោយសម្ដេចសង្ឃឹមថានឹងជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែខ្លាំង។
សម្ដេចតេជោថា៖ «អ្នក (ប្រទេសផ្សេង) តឹងតែងជាងមួយចិនក៏តឹងតែងចុះ តែកម្ពុជាស្វាគមន៍ ព្រោះវាផ្ដល់ឱ្យមានអត្ថប្រយោជន៍ដល់កម្ពុជា។ បើទេសចរណ៍ចិនបើកជើងយន្តហោះរាប់សិបជើងក្នុងមួយថ្ងៃ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា និងរើជាមួយនឹងកសិកម្ម ឧស្សាហកម្ម»។
ក្នុងឆ្នាំ២០១៩ មុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលអ្នកទេសចរណ៍សរុបជាង ៦លាននាក់ ភាគច្រើនគឺអ្នកទេសចរជនជាតិចិន។
សម្ដេចមានប្រសាសន៍ថា, ក្នុងឆ្នាំកន្លងទៅនេះ បើតាមការបញ្ជាក់ពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង 2 លាននាក់ ដែលសម្ដេចសង្ឃឹមថាក្នុងឆ្នាំ 2023 នេះ កម្ពុជានិងអាចទទួលភ្ញៀវទេសចរណ៍ពី 4 លានទៅ 5 លាននាក់។ ពេលនោះហើយដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ។ សូម្បីតែក្នុងថ្ងៃឆ្លងឆ្នាំ សកល គឺមានភ្ញៀវទេសចរណ៍ប្រមាណជាង 2 លាននាក់ ដែលពួកគាត់បានទៅកំសាន្តនៅតំបន់នានា ។ ការសប្បាយរីករាយ គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ក៏អាស្រ័យដោយសារ ប្រទេសយើងមានសន្តិភាព ៕
ដោយ : សិលា