ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២៣បានអញ្ជើញអបអសាទរ និងបើក បវេសនកាលឆ្នាំសិក្សា២០២២ ២០២៣ នៅវិទ្យាល័យរមាសហែក
ដោយមានការចូលរួមពីសំណាក់លោកអធិការលោកមេបញ្ជាការងកងរាជអាវុធហត្ថស្រុក លោកនាយកលោកនាយករងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស សរុប១៣២២អង្គនាក់។
បន្ទាប់ពីលោកគង់សំអឿន នាយកវិទ្យាល័យរមាសហែកបានឡើងអានពីរបាយការណ៏រួចមក
លោកស៊ូម៉ុល អភិបាលស្រុករមាសហែក ក៏បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២២ ២០២៣ និងដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មីនេះទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក នូវចំណុចមួយចំនួនដូចជា៖
* ទី១៖ ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនូវទស្សនាទាន «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមាន ភាពធន់ រស់រវើក និងភាពឆ្លើយតប។
* ទី២៖ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធត្រូវបន្តអនុវត្ត និងគាំទ្រដល់ «ការអប់រំតាមបែបឌីជីថល» ដើម្បីឱ្យកម្ពុជាអាចឈាននិងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក
* ទី៣៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធនៃការដឹកនាំ និង
គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។
* ទី៤៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល
និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
* ទី៥៖ ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ការបំពេញការងារ ក៏ដូចជាការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន នៅគ្រប់កម្រិត និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។
* ទី៦៖ ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍ សាលារៀនជំនាន់ថ្មី និងជាសាលារៀនរបស់សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ទាំងសុខុមាលភាពក្នុងជាពិសេសការបង្រៀន។
* ទី៧៖ គ្រប់គ្រឹះស្ថានសិក្សា សូមបន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តតាមអភិក្រម «៣កុំ ៣ការពារ» ជាពិសេសត្រូវមានយន្តការ និងវិធានការឆ្លើយតបភ្លាមៗ ទៅនឹងប្រធានស័ក្ដិនានា។
* ទី៨៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។
* ទី៩៖ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ឳពុកម្ដាយទី២ ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
* ទី១០៖ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំ ក្នុង «អំពើល្អ» ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គមនិងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
* ទី១១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន
ទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។
* ទី១២៖ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូនដល់ចៅ តាមគ្រប់រូបភាព។
* ទី១៣៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។
ជាមួយគ្នានោះដែរ លោកអភិបាលស្រុករមាសហែក ក៏បានជូនពរចំពោះលោកនាយកលោកគ្រូ អ្នកគ្រូបង្រៀន និងសិស្សានុសិស្សសូមទទួលបាននៅសេចក្តីសុខ សេចក្តីចំរើន ជាមួយនឹងការរៀនសូត្រ និងបង្រៀនបានយ៉ាងល្អនៅក្នុងឆ្នាំសិក្សាថ្មីនេះផងដែរ៕ ដោយ៖ សុថាន